ខេត្តកណ្ដាល ៖ ក្មេងប្រុសតូចអាយុ៣ឆ្នាំម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មក្រោមកងរេវិចទ័រ (ប្រភេទលើកថ្ម) ខណៈឪពុកបង្មើតក្មេងរងគ្រោះបើកថយក្រោយ មិនបានមើល កាលពីវេលាម៉ោង៩ និង០៥នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍កំពង់សំណាញ់ បានឲ្យដឹងថា ក្មេងតូចរងគ្រោះឈ្មោះ ទុំ សុខណា ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាកូនជនបង្ក។ ចំណែកជនសង្ស័យឈ្មោះ ទូក ទុំ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកបើកបររេវិចទ័រ (ប្រភេទលើកថ្ម) ត្រូវជាឪពុក។ នគរបាលប៉ុស្តិ៍កំពង់សំណាញ់ បញ្ជាក់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ អ្នកបើកបររេវិចទ័រ (ប្រភេទលើកថ្ម) ដែលបើកបរដោយឈ្មោះ ទូក អ៊ំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅស្នាក់នៅបណ្តោះអាសន្ន ភូមិកើតហេតុខាងលើ ដោយមិនបានមើលក្រោយ បណ្តាលឲ្យកិនកូនខ្លួនឯងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ច បានចុះពិនិត្យសាកសព និងបានធ្វើសេចក្ដីសន្និដ្ឋាន ដោយករណីនេះ ឪពុកម្ដាយមានការធ្វេសប្រហែល បណ្ដាលឲ្យកូនខ្លួនឯងមានគ្រោះថ្នាក់ រហូតស្លាប់។ សពបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕