ខេត្តកំពង់ចាម ៖ កម្មករ១០៣នាក់ រងរបួសធ្ងន់ស្រាល ដោយក្នុងនោះ៤នាក់រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់រថយន្តដែលពួគគេក្រឡាប់ដោយសារតែអ្នកបើកបរបួងចង្កូតខ្លាំងពេក។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តម៉ាកហ៊ិនដាយខ្លួនឯងតែម្ដង ពាក់ស្លាកលេខកំពង់ចាម 3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។ លោកបញ្ជាក់ថា មុនពេលកើតហេតុរថយន្ដខាងលើ បានដឹកកម្មកររោងចក្របើកពីទិសខាងលិចទៅកើត ចូលរោងចក្រជូហួយ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងចូលរោងចក្រជូហួយ ប៉ុន្ដែពេលបត់ចូលនោះអ្នកបើកបរបួងចង្កូតខ្លាំងពេក ក៏បណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែម្ដង។
ក្រោយកើតហេតុភា្លមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលដឹកនាំដោយលោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុក បានបញ្ជូនជនរងគ្រោះទាំងអស់ទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ចំនួន៤នាក់ បានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ៕