រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រទេសទាំងឡាយណា ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតកម្ពុជា គឺជារឿងរបស់ប្រទេសនោះ សំខាន់ឲ្យតែប្រជាពលរដ្ឋខ្មែរ ទទួលស្គាល់ទៅបានហើយ ហើយកម្ពុជា ក៏មិនបានចាប់បង្ខំឲ្យទទួលស្គាល់នោះដែរ។
សម្តេចថ្លែងបែបនេះនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្មានប្រទេសណាមួយ នៅក្នុងពិភពលោកគ្មានបញ្ហានោះទេ ហើយចង់ឲ្យប្រទេសនីមួយៗ ធ្វើកិច្ចការរបស់ប្រទេសខ្លួនឯងទៅ កុំមកជ្រៀតជ្រែកលើកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។
សម្ដេចតេជោបញ្ជាក់ថា “យើងនឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភា ២៥ កុម្ភៈ បោះឆ្នោតសភា ២៩ មករា។ ទោះអ្នកមិនទទួលស្គាល់ ជារឿងរបស់អ្នកឯង សំខាន់ពលរដ្ឋរបស់យើង ទទួលស្គាល់ហើយ ការបោះឆ្នោតបានហើយ”។
សម្ដេចតេជោ សង្ឃឹមថា បញ្ហាប្រទេសរបស់កម្ពុជា ទុកឲ្យកម្ពុជា ដោះស្រាយ កុំមកជ្រៀតជ្រែក ហើយកម្ពុជា ប្តេជ្ញាគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ សម្ដេចថា កម្ពុជា អត់មានអញ្ជើញឲ្យប្រទេសក្រៅ មកទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជាទេ
សូមបញ្ជាក់ថា ការប្រកាសរបស់សម្តេចតេជោ បែបនេះ បន្ទាប់ពីលោក ថិដ គ្រូស៍ (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃទី៩ ខែវិច្ឆិកាម្សិលមិញ បានលើកឡើងថា បើគ្មានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅពេលបោះឆ្នោតឆ្នាំ២០១៨នោះទេ សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត មិនទទួលស្គាល់លទ្ធផលការបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជា ជាដាច់ខាត៕