រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៧នេះ នគរបាលការិយល័យចរចរណ៍ផ្លូវគោកបានបញ្ជូនមន្ត្រីនគរបាលម្នាក់ឡើងតុលាការ ពាក់ព័ន្ធករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់មន្ត្រីយោធាម្នាក់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកេតុមាលា។
ជនបង្កឈ្មោះ ឈាង វិជ្ជា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីនគរបាល មានលំនៅស្ថានលេខ២៩៩២ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាអ្នកបើករថយន្តម៉ាកឡិចស៊ីស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ 1434។ ជនរងគ្រោះឈ្មោះ មាជ រី ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីយោធា មានលំនៅស្ថានលេខ ៤៩ ផ្លូវលំ ដង្កាត់ស្រះចក ខណ្ឌដូនពេញ ជាអ្នកជិះម៉ូតូមាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S 3398។
សូមជម្រាបថា កាលពីវេលាម៉ោង១ និង៥នាទីយប់ថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ ១០៦កែងផ្លូវលេខ៥១ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រថយន្តឡិចស៊ីសមួយគ្រឿងដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបានបុកម៉ូតូធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែដោយស្ថានភាពអ្នករបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ៕