អ៊ីរ៉ាក់ ៖ ក្រុមមន្ត្រីនៅប្រទេសអ៊ីរ៉ាក់បាននិយាយថា រណ្ដៅកប់សាកសពមួយចំនួនដែលត្រូវបានរកឃើញនៅតំបន់មួយដែលទើបដណ្ដើមបានពីក្រុមរដ្ឋអ៊ីស្លាមនោះអាចមានសាកសពរហូតដល់ចំនួន៤០០នាក់។
អភិបាលខេត្តគើគូក (Kirkuk) បាននិយាយពីថ្ងៃអាទិត្យថា សាកសពជនស៊ីវិលនិងកងសន្តិសុខទាំងនេះត្រូវបានរកឃើញនៅមូលដ្ឋានដែលគេបោះបង់ចោលមួយកន្លែងនៅជិតទីក្រុងហាវីចានៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ដែលគេទើបដណ្ដើមបានពីក្រុមរដ្ឋអ៊ីស្លាមកាលពីខែតុលា។
ប្រជាពលរដ្ឋម្នាក់បាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមធ្លាប់បាននាំចំណាប់ខ្មាំងទៅកន្លែងនេះហើយបាញ់ប្រហារឬចាក់សាំងដុតពួកគេទាំងរស់ ហើយគេបានឃើញអ្វីៗនៅក្នុងរណ្ដៅទាំងនេះមានសណ្ឋានដូចជាខោអាវដាច់រហែក និងបំណែកឆ្អឹងព្រមទាំងលលាដ៍ក្បាលមនុស្ស។
កងកម្លាំងអ៊ីរ៉ាក់បានវាយបណ្ដេញក្រុមរដ្ឋអ៊ីស្លាមចេញពីដែនដីដែលក្រុមជ្រុលនិយមនេះបានធ្លាប់បានគ្រប់គ្រងកន្លងមកស្ទើរតែទាំងអស់ ហើយអាជ្ញាធរបានរកឃើញរណ្ដៅកប់សាកសពមួយចំនួននៅតំបន់ដែលគេទើបរំដោះបានថ្មីៗនេះជាបន្តបន្ទាប់ផងដែរ៕