រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសិទកាសែតព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្ស ហ្ទ៊ុនស៊ិនប៉ិច បានអះអាងថា គណបក្សបានដាក់ពាក្យបណ្ដឹងទី២ ប្ដឹងលោក លឺ ឡាយស្រេង ពីបទចោទប្រកាន់ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ថាបានទទួលសំណូក ចំនួន១០ម៉ឺនដុល្លារ ក្នុងការផ្ដល់តំណែងជាអភិបាលខេត្ត ដល់មន្ត្រីម្នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច នាអំឡុងឆ្នាំ១៩៩៣កន្លងទៅ ។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានចាត់ទុកសម្តីលោក លឺ ឡាយស្រេង ដែលបានផ្តល់បទសម្ភាសន៍ក្នុងវិទ្យុអាស៊ីសេរីនាពេលថ្មីៗនេះ ដោយចោទសម្តេចក្រុមព្រះថា បានទទួលសំណូកជាថ្នូរនឹងការប្រគល់តំណែងនោះ គឺជាការប្រមាថ និងបរិយាកេរ្តិ៍ធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិយសរបស់ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។
គួរម្លឹកថា មេធាវីការពារក្តីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាប់បានដាក់ពាក្យបណ្តឹងម្តងរួចហើយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក លឺឡាយស្រេង ពីបទប្រមាថព្រះចេស្តា ព្រះមហាក្សត្រ និងសម្តេចក្រុមព្រះ៕