ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា រដ្ឋាភិបាលចិន នឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យបានឆាប់រហ័ស ។
នៅក្នុងជំនួបទ្វេភាគី រវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក លី កឺជាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា នៅក្នុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ភាគីទាំងពីរ បានជំរុញកិច្ចការ ដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលបានបន្សល់ទុកពីសង្គ្រាមរាំរ៉ៃនៅកម្ពុជារាប់ទស្សវត្សកន្លងមកហើយ។ លោក លី កឺជាំង បានបញ្ជាក់ថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពមួយរបស់រដ្ឋាភិបាលចិន ក្នុងការជួយប្រទេសនានា ដែលកំពុងជួបប្រទះនូវបញ្ហានេះ។ ក្នុងបរិការនេះ រដ្ឋាភិបាលចិនសន្យាថា នឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែង និងដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេច។ ជារួមគឺត្រូវធ្វើអោយបានមុនពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីចិននៅកម្ពុជានាពេលខាងមុខនេះ។ ទន្ទឹមនេះ លោក លី កឺជាំង បានបញ្ជាក់សាជាថ្មីថា នឹងការគាំទ្រ ដល់កម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ លោកនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់បន្ថែមផងដែរ នូវការប្តេជ្ញារួមគ្នា ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់មួយថែមទៀត។ ក្នុងន័យនេះ ភាគីចិនបានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការជួយជំរុញឱ្យការកសាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា អោយបានសម្រចទៅយ៉ាងឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នៅក្នុងជំនួបពិភាក្សាការងារនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រី លី កឺជាំង ចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ២ នៅ ដែលនឹងរៀបចំធ្វើនៅរាជធានីភ្នំពេញ នាខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះផងដែរ៕