ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់បានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តឆាក់ឆឺនសៅ ប្រទេសថៃ ក្រោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ រថយន្តថៃកៀរម៉ូតូ ហើយត្រូវបានគេបញ្ជូនសពប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីម៉ោងជាង០៥ល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជនរងគ្រោះឈ្មោះ ស ចន្ថា អាយុ៣៤ឆ្នាំ ភេទស្រី ជាកម្មកររោងចក្រ នៅក្នុងខេត្តកើតហេតុខាងលើ និងមានទីលំនៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមសាច់ញាតិប្រាប់ថា ជនរងគ្រោះជួបឧប្បត្តិហេតុជិះម៉ូតូត្រូវរថយន្តថៃកៀរដួលរបួសធ្ងន់ ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តកើតហេតុ តាំងពីព្រឹកថ្ងៃទី០៦ ឆ្នាំវិច្ឆិកា ឆ្នាំ២០១៧ ទើបស្លាប់នៅម៉ោងជាង០៤ទៀបភ្លឺព្រឹក ថ្ងៃទី១៣ ខែឆ្នាំដដែល ។ តាមសាច់បញ្ជាក់ថា ជនរងគ្រោះជាមនុស្សកំព្រាទៅរស់នៅប្រទេសថៃតាំងពីក្មេង ។ សពត្រូវបានសាច់ញាតិដឹកតាមរថយន្តផ្ទាល់ខ្លួនទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕