ស្ថានទូត​អាមេរិក​នៅ​ស្ស៊ី​ម​បា​វ៉េ​ប្រាប់​បុគ្គលិក​ទាំងអស់​ស្នាក់នៅ​ក្នុងផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2017 ក+ ក-

ស្ស៊ី​ម​បា​វ៉េ ៖ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​ក្នុងប្រទេស​ស៊ីម​បា​វ៉េ​បាន​ណែនាំ​បុគ្គលិក​ទាំងអស់​កុំ​ឲ្យ​ចាក​ចេញពីផ្ទះ ខណៈដែល មានការ​ប៉ាន់​ស្មានថា នឹងមាន​ការធ្វើ​រដ្ឋប្រហា​រ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា ពលរដ្ឋ​អាមេរិក​ទាំងអស់​នៅក្នុង​ប្រទេស​ស៊ីម​បា​វ៉េ​ត្រូវបាន​ណែនាំ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​រហូតដល់​មានការ​ជូនដំណឹង​លម្អិត​បន្ថែម ហើយ​បាន​បន្ថែមថា ស្ថានទូត​អាមេរិក​នៅក្នុង​ប្រទេស​នេះ​ក៏​នឹងត្រូវ​បិទទ្វារ​ផងដែរ​នៅ​ថ្ងៃ​ពុធ​នេះ​។​
​ការជូនដំណឹង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ទាហាន​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​រដ្ឋធានី​ហា​រ៉ា​រ៉េ (Harare) ប្រទេស​ស៊ីម​បា​វ៉េ និង​មានការ​រឹបអូស​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ថ្ងៃ​ពុធ​នេះ​បន្ទាប់ពី​គណបក្សកាន់អំណាច​រប​ស់​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) បាន​ចោទប្រកាន់​មេបញ្ជាការ​យោធា​ម្នាក់​ពីបទ​ក្បត់ជាតិ​។​
​គួរ​បញ្ជាក់ថា នេះ​គឺជា​លើកដំបូង​ដែល​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ​កំពុង​មើលឃើញ​នូវ​ការបែកបាក់​ជា​ចំហ​រវាង​យោធា និង​លោក មូ​ហ្គា​បេ (Mugabe) ដែលជា​មេដឹកនាំ​រដ្ឋ​វ័យ​ចំណាស់​គេ​នៅលើ​ពិភពលោក​ដែល​បាន​កាន់អំណាច​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ក្រុម​ជនជាតិភាគតិច​ស្បែ​កស​នៅក្នុង​ឆ្នាំ​១៩៨០៕