ភ្នំពេញ ៖ ស្ត្រីម្នាក់រងការវាយប្រហារដោយជនដៃដល់ប្រើទឹកអាស៊ីតជះស្រោចលើផ្ទៃមុខនិងដងខ្លួនបណ្តាលអោយរងរបួសធ្ងន់ ហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំមុខផ្ទះជនរងគ្រោះតែម្តង នៅផ្លូវបេតុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ប្រភពព័ត័ពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជីះម៉ូតូចេញពីផ្ទះហើយក៏បានឈប់ចតមុខផ្ទះស្រាប់តែជនដៃដល់បានធ្វើសកម្មភាពយកដបដាក់ទឹកអាស៊ីតជះស្រោចជនរងគ្រោះបណ្តាលអោយរលេះរលួយពេញផ្ទៃមុខនិងដងខ្លួនហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ឌឿន សុខណារ៉ា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះខៀវ វិសិដ្ឋ ហៅថៃយ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១១០ផ្លូវបេតុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យបន្ទាប់ពីធ្វើសកម្មភាពជះទឹកអាស៊ីតហើយជនសង្ស័យខាងលើបានគេចខ្លួនបាត់ដោយសុវត្ថិភាព។
បើយោងតាមសម្តីកូនស្រីរបស់ស្ត្រូរងគ្រោះបានអោយដឹងថា មូលហេតុដែលឈានដល់ការជះទឹកអាស៊ីដនេះដោយសារជនសង្ស័យសុំស្នេហ៍ជនរងគ្រោះមិនបាន ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕