បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប្រមូលផ្ដុំ​នយោបាយ​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់មនុស្ស​៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2017 ក+ ក-

​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កន្លែង​ប្រមូលផ្ដុំ​នយោបាយ​មួយ​នៅ​ទីក្រុង​កា​ប៊ូល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​
​មន្ត្រី​នាំពាក្យ​ប៉ូលិស​នៅ​ទីក្រុង​កា​ប៊ូល​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​គឺមាន​មន្ត្រីប៉ូលិស​ចំនួន​៧​នាក់​និង​ជន​ស៊ីវិល​ចំនួន​២​នាក់ ខណៈ​មន្ត្រីប៉ូលិស​ចំនួន​៧​នាក់ និង​ជន​ស៊ីវិល​ចំនួន​៣​នាក់​ទៀត​បាន​រងរបួស​ដោយ​ការវាយប្រហារ​នេះ​។​
​មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ណា​ជីប ដា​នី​ស បាន​និយាយថា អ្នក​វាយប្រហារ​បាន​ចុះ​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​ច្រក​ចូលទៅ​កន្លែង​ដែល​គេ​កំពុង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​មួយ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​នៅ​ប្រទេស​នេះ​បាន​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ហើយ​ក្រុម​តា​លី​បង់​បាន​បដិសេធថា ខ្លួន​មិនបាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​ទេ​៕