ប៉ះទង្គិច​គ្នា​មុនពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ស្លាប់​មនុស្ស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2017 ក+ ក-

​កេ​ន​យ៉ា ៖ ក្រុម​មេដឹកនាំ​បក្សប្រឆាំង​នៅ​ប្រទេស​កេ​ន​យ៉ា​និយាយថា ប៉ូលិស​កំពុង​ប្រើ​កាំភ្លើង និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រីក្រ​ក្នុង​ទីក្រុង​មួយកន្លែង​ដែល​តវ៉ា​ប្រឆាំង​ការសម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ក្នុងការ​វាយប្រហារ​មួយ​ដែល​គេ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាតិ​សាសន៍​។​
​ប៉ូលិស​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី​ប្រទេស​កេ​ន​យ៉ា​លោក ចា​ផេ​ត កូ​ម បានចាត់ទុក​ការសម្លាប់​មនុស្ស​កាលពី​យប់​ថ្ងៃអាទិត្យ​ថា អំពើ​ឃាតកម្ម ហើយ​មេបក្ស​ប្រឆាំង​លោក រ៉ៃ​ឡា អូ​ឌី​ង​ហ្គា និយាយថា អ្នកស្លាប់​ទាំងនេះ​គឺ​រស់នៅ​សហគមន៍​មួយ​ដែល​គាំទ្រ​គណបក្សប្រឆាំង​របស់លោក​។ មេបក្ស​ប្រឆាំង​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា សមាជិកសភា​ម្នាក់​ក៏បាន​រង​ការបាញ់ប្រហារ​របួស​ជើង​នៅពេល​ធ្វើបាតុកម្ម​នេះដែរ ហើយ​លោក​បាន​សុំ​ឲ្យ​អន្តរជាតិ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​វិបត្តិ​នយោបាយ​នេះ​។​
​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​ជាតិ​សាសន៍​នៅ​ប្រទេស​នេះ​បាន​កើនឡើង​ខ្លាំង​តាំងពី​តុលាការ​បាន​បដិសេធ​ការជាប់ឆ្នោត​ជាថ្មី​របស់​ប្រធានាធិបតី​លោក អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា កាលពី​ខែសីហា​ក្រោយពី​លោក អូ​ឌី​ង​ហ្គា បាន​ជំទាស់​នឹង​ជ័យជម្នះ​នេះ​នៅ​តុលាការ​កំពូល​ដោយសារ​ការលួចបន្លំ​សន្លឹកឆ្នោត​៕