រាជធានីភ្នំពេញ ៖ អតីតមន្ត្រីមូលដ្ឋាន ឃុំ/សង្កាត់ ស្រុក/ខេត្ត របស់ CNRP នៅមានរយៈពេល៤ថ្ងៃទៀត សម្រាប់ការពិចារណាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេស៍ញូស៍ ដែលបានដកស្រង់សំដីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះ ។
បណ្តាញព័ត៌មានហ្វ្រេសញូស៍បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញ Fresh News ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។
តាមហ្វ្រេសញូស៍ឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដ៏ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប ៕