សេអ៊ូល ៖ ភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង (NIS) បានអះអាងថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀតនៅមុនដំណាច់ឆ្នាំ២០១៧ នេះ គ្រាដែលសកម្មភាពនៅមជ្ឈមណ្ឌលស្រាវជ្រាវមីស៊ីលមានកាន់តែច្រើនឡើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។
តាមរបាយការណ៍របស់ NIS ដាក់ជូនសភាកូរ៉េខាងត្បូងបានបញ្ជាក់ថា «ខណៈសកម្មភាពយានយន្ដមានកាន់តែច្រើនឡើង នៅឯមជ្ឈមណ្ឌលស្រាវជ្រាវមីស៊ីលមួយ របស់កូរ៉េខាងជើង ការធ្វើតេស្ដម៉ូទ័រមួយទំនងជាត្រូវបានធ្វើឡើងរួចទៅហើយ…ដូច្នេះថា វាមានអាចទៅរួចថាកូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀតនៅមុនដំណាច់ ឆ្នាំ២០១៧នេះ ដោយសំអាងលើការគំរាមកំហែង ពីសំណាក់សហរដ្ឋអាមេរិកជាលេសបង្កើនសមត្ថភាពមីស៊ីល និងអភិវឌ្ឍបច្ចេកវិទ្យាទីអវកាសដោយសន្តិវិធី»។ ទន្ទឹមនោះ NIS បានបន្ថែមថា រ៉ូងក្រោមដីលេខ០៣ នៃទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri ទំនងជាបានត្រៀមរួចជាស្រេចសម្រាប់ការធ្វើតេស្ដនុយក្លេអ៊ែរ ដោយរង់ចាំតែបញ្ជា ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ៕