ប៉េកាំង ៖ ឈ្មួយជួញដូរគ្រឿងញៀន០២នាក់ ត្រូវបានតុលាការប្រជាជនកម្រិតមធ្យម ក្រុង Mianyang នៃខេត្ត Sichuan ភាគនិរតីប្រទេសចិនផ្តន្ទាទោសប្រហារជីវិត ជាមួយនិងការព្យួរទោសរយៈពេល០២ឆ្នាំ ដោយតុលាការ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។ សាលក្រមកាត់ទោសខាងលើត្រូវបានប្រកាសនាថ្ងៃចន្ទម្សិលមិញនេះ។
ជុំវិញរឿងក្តីនេះបុគ្គល ០២នាក់ ផ្សេងទៀតមកពីក្រុមជាមួយគ្នា ត្រូវបានផ្តន្ទាទោសអស់មួយជីវិត ដោយម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ និងម្នាក់ទៀត ០១ឆ្នាំ នៅក្នុងពន្ធនាគារ។ ដោយឡែកអ្នកដទៃទៀតក្នុងក្រុមឧក្រិដ្ឋជននេះ ត្រូវបានពិន័យដោយការឃុំឃាំង ឬក៏បញ្ជូនទៅកាន់កន្លែងស្តារនីតិសម្បទា។
បើតាមសម្តីរបស់មន្ត្រីប៉ូលិសខេត្ត Sichuan រឿងក្តីផលិត និងជួញដូរគ្រឿងញៀននេះ ដែលមានជាប់ពាក់ព័ន្ធជាមួយមនុស្សសរុបចំនួន ៨២នាក់ គឺជាករណីគ្រឿងញៀនធំបំផុតពុំធ្លាប់មានឡើង នៅក្នុងខេត្តភាគនិរតីនេះឡើយ។ ប៉ូលិសបញ្ជាក់ថា ក្រោយចំណាយពេលធ្វើការស៊ើបអង្កេតអស់ ០៤ខែ កងកម្លាំងសមត្ថកិច្ចចិនបានសម្រុកចូលទៅក្នុងសំបុករបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ ដែលស្ថិតក្នុងក្រុង Mianyang កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។ នាពេលនេះ ថ្នាំញៀនមេតាំហ្វេតាមីនទម្ងន់ពីរគីឡូក្រាម, មេតាំហ្វេតាមីនជិតផលិតរួចរាល់ទម្ងន់ ៣.២គីឡូម៉ែត្រ, និងថ្នាំ Magu ដែលផ្សំឡើងពីមេតាំហ្វេតាមីន និងកាហ្វេអ៊ីនចំនួន ២,០០០គ្រាប់ ត្រូវបានរឹបអូស។ ជាមួយគ្នានេះ យានជំនិះ ០៥គ្រឿង ក៏ត្រូវបានរឹបអូសដូចគ្នាផងដែរ រួមជាមួយនិងលុយជាង ១.៣លានយ័ន ស្មើនឹង ១៩៥,០០០ដុល្លារអាមេរិក ត្រូវបានបង្កក៕