អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកបានសម្រេចចិត្តជ្រើសរើសប្រទេសកូរ៉េខាងជើងដាក់ជារដ្ឋមួយដែលគាំទ្រក្រុមភេរវករចំពេលដែលភាពតានតឹងនុយក្លេអ៊ែរកំពុងកើនឡើងខ្លាំងនៅលើឧបទ្វីបកូរ៉េ។
លោក ត្រាំ បាននិយាយថា ការជ្រើសរើសនេះនឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសកូរ៉េខាងជើង ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់អាមេរិកក្នុងការដាក់សម្ពាធអតិបរិមាប្រឆាំងទៅនឹងប្រទេសឯកោមួយនេះ។ លោក ត្រាំ បាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា បន្ថែមពីលើការគំរាមកំហែងដល់ពិភពលោកដោយកម្មវិធីនុយក្លេអ៊ែរ, កូរ៉េខាងជើងបានគាំទ្រម្តងហើយម្តងទៀតចំពោះសកម្មភាពភេរវកម្មអន្តរជាតិរួមទាំងឃាតកម្មនៅលើទឹកដីបរទេស។
ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីអាមេរិកបានលើកឡើងថា ការសម្លាប់លោក គីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីដើមឆ្នាំនេះថាជាសកម្មភាពភេរវកម្ម។
សូមបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានដាក់បញ្ចូលសាជាថ្មីក្នុងបញ្ជីរដ្ឋដែលគាំទ្រក្រុមភេរវករជាមួយប្រទេសអ៊ីរ៉ង់, ស៊ូដង់ និងស៊ីរី បន្ទាប់ពីប្រទេសដ៏សម្ងាត់មួយនេះត្រូវបានដកចេញពីបញ្ជីកាលពី៩ឆ្នាំមុន៕