ហ្ស៊ីមបាវ៉េ ៖ ទីបំផុតប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក Robert Mugabe បានសម្រេចចិត្តដាក់លិខិតលាលែងចេញពីមុខតំណែងហើយ ក្រោយកាន់អំណាចជាង៣៧ឆ្នាំមកនេះ ខណៈសភាកំពុងបើកសម័យប្រជុំរបស់ខ្លួនដើម្បីត្រួតពិនិត្យលើសំណើដកតំណែងពីរូបលោក។ នេះបើយោងតាមសារព័ត៌មាន AP ។
ការសម្រេចចិត្តបែបនេះរបស់លោក Mugabe នៅឡើងនៅចំពេលសភាកំពុងបើកសម័យប្រជុំ បន្ទាប់ពីលោកបានបដិសេធមិនព្រមប្រកាសលាលែងពីតំណែងជាប្រធានាធិបតី ដោយថែមទាំងសន្យាទៀតថាលោកនឹងបន្តធ្វើជាប្រធានបក្សរហូតដល់ថ្ងៃសមាជបក្ស ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែធ្នូខាងមុខ បើទោះជាសមាជិកគណបក្សកាន់អំណាច Zanu-PF នៅក្នុងប្រទេសហ្ស៊ីមបាវេ បានអំពាវនាវ និងទុកពេលឱ្យលោកត្រឹមថ្ងៃចន្ទ លាលែងពីតំណែងដោយខ្លួនឯងក៏ដោយ។
សូមបញ្ជាក់ថា វិបត្តិនៅហ្ស៊ីមបាវ៉េ ផ្ទុះឡើងនៅក្រោយពេល លោក Mugabe បណ្ដេញលោក Mnangagwa ពីតំណែងអនុប្រធានាធិបតី និងមានបំណងចង់ឱ្យប្រពន្ធរបស់លោកកាន់តំណែងជាអនុប្រធានាធិបតី៕