រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបគ្នាជាលើកទី១ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដោយអំណាចតុលាការកំពូល ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន សំខាន់ការបន្តពង្រឹងកិច្ច សហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត។
តាមគេហទំព័រក្រសួងមហាផ្ទៃ បានឲ្យដឹងថា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចជំនួបរវាងសម្តេចក្រឡាហោម ស ខេង និងលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺផ្តោត លើប្រធានបទសំខាន់ចំនួន៣ ៖ ១. កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ២.ការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ៣.ការធ្វើមាតុភូមិនិវត្តនរបស់ប្រជាពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិក។
យោងតាមគេហទំព័រក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចក្រឡាហោម បានមានប្រសាសន៍ថា កម្ពុជានៅតែឯកភាពនូវអ្វីដែលបានព្រមព្រៀងគ្នា និងចង់ឱ្យ ភាគីអាមេរិកពិចារណា ពន្យាពេលសិន ពិសេសអ្នកមានជម្ងឺធ្ងន់ធ្ងរទុក ឱ្យពួកគាត់ព្យាបាល សះស្បើយសិន។ ចំពោះពលរដ្ឋដែលបានទៅអាមេរិកក្រោយឆ្នាំ១៩៩៤ សម្តេចនិងពិចារណាឱ្យបានច្បាស់លាស់ ហើយបានស្នើឱ្យភាគីអាមេរិកចាត់មន្ត្រីជំនាញរបស់អាមេរិក និងកម្ពុជាធ្វើការសហការគ្នា ធ្វើកិច្ចការនេះ ឱ្យបានល្អបំផុតដែលអាចធ្វើបាន។
លោក William A.Heidt បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានទប់ស្កាត់ជនល្មើស ដែលបានប្រព្រឹត្តអំពើ អាណាចារលើកុមារចំនួន ១៣រូប ដែលមិនឱ្យចូលមកកម្ពុជា។ នេះជាការងារល្អមួយប្រសើរ និងកោតសរសើរ ហើយអាមេរិកនិងបន្តការសហការ ជាមួយអាជ្ញាធរសមត្ថកម្ពុជា ថែមទៀតដើម្បីទប់ស្កាត់បទល្មើស ការជួញដូរមនុស្ស។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម បានបញ្ជាក់ថាកិច្ចការផ្សេងៗ ដែលក្រសួងមហាផ្ទៃ មានជាមួយសហរដ្ឋអាមេរិក កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នា ឱ្យកាន់តែប្រសើរទ្វេរឡើង៕