ហ្ស៊ីមបាវ៉េ ៖ កាលពីថ្ងៃអង្គារ ប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំងដោយអ្នកខ្លះស្រែកច្រៀង និងខ្លះទៀតស្រែកហ៊ោលាយឡំដោយការចុចស៊ីផ្លេរថយន្តនៅតាមដងផ្លូវនៅទីក្រុងហារ៉ារ៉េក្រោយពីប្រធានាធិបតីប្រទេសស៊ីមបាវ៉េបានប្រកាសចុះចេញពីតំណែងកាលពីយប់មិញនេះក្រោយពីបានកាន់អំណាចរយៈពេល៣៧ឆ្នាំមកនេះ។
លោកប្រធានាធិបតី រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) បានលាលែងពីតំណែងកាលពីថ្ងៃអង្គារដោយសាររងសម្ពាធខ្លាំងពីយោធាដែលបានឃុំខ្លួនលោកនៅក្នុងផ្ទះ ពីសមាជិកសភានៃគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងព្រមទាំងពីប្រជាពលរដ្ឋភាគច្រើនដែលបានជួបជុំគ្នាតាមផ្លូវនិយាយថា ការកាន់អំណាចរយៈពេល៣៧ឆ្នាំគឺល្មមគ្រប់គ្រាន់ហើយ។
លោក មូហ្គាបេ ដែលត្រូវបានគេចាត់ទុកថាជាប្រមុខរដ្ឋចាស់វស្សាជាងគេក្នុងពិភពលោកនោះបាននិយាយក្នុងលិខិតរបស់លោកថា គេគួរតែអនុវត្តតាមនីតិវិធីក្នុងការជ្រើសរើសប្រធានាធិបតីថ្មី គឺមិនត្រូវពន្យារពេលដល់ថ្ងៃស្អែកនោះទេ។
លោកបានបន្ថែមទៀតថា ការសម្រេចចិត្តចុះចេញពីតំណែងរបស់លោកនេះគឺជាធ្វើឡើងដោយស្ម័គ្រចិត្តនិងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាទីបំផុត ដូច្នេះហើយទើបបានជាលោកសម្រេចចិត្តផ្ទេរអំណាចដោយគ្មានការបង្ហូរឈាមបន្តិចបែបនេះ៕