អ៊ីរ៉ាក់ ៖ ក្រុមមន្ត្រីនៅប្រទេសអ៊ីរ៉ាក់និយាយថា មនុស្សចំនួន៣២នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅក្នុងរថយន្តធំមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះ នៅទីផ្សារមួយនៅក្នុងទីក្រុងមួយដែលកំពុងតែប្រទាញប្រទុងគ្នារវាងប្រទេសអ៊ីរ៉ាក់និងតំបន់ឃើដនៅប្រទេសនេះ។
ប៉ូលិសនិងមន្ត្រីមន្ទីរពេទ្យនៅប្រទេសអ៊ីរ៉ាក់និយាយថា ការផ្ទុះយ៉ាងខ្លាំងដែលបានកើតឡើងនៅទីក្រុងទូសខូម៉ាតូ (Tuz Khormato) នៅតំបន់ឃើដកាលពីល្ងាចថ្ងៃអង្គារនោះបានធ្វើឲ្យមនុស្សចំនួន៣២នាក់បានស្លាប់ និងយ៉ាងតិច៧៥នាក់ទៀតរងរបួស។ មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះក៏មានកងកម្លាំងសន្តិសុខនៅប្រទេសអ៊ីរ៉ាក់យ៉ាងតិច៦នាក់ផងដែរ។
សូមបញ្ជាក់ថា ទីក្រុងទូសខូម៉ាតូស្ថិតនៅចម្ងាយប្រហែល២១០គីឡូម៉ែត្រខាងជើងទីក្រុងបាកដាដនៅប្រទេសអ៊ីរ៉ាក់ ហើយបច្ចុប្បន្នរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ និងតំបន់ឃើដកំពុងប្រទាញប្រទូងគ្នាក្នុងការគ្រប់គ្រងទីក្រុងមួយនេះ៕