រាជធានីភ្នំពេញ ៖ កញ្ញា នី មុន្នីនាថ តារាសម្តែងភាពយន្តដ៏ល្បីម្នាក់នឹងត្រូវចូលបំភ្លឺតុលាការ ពាក់ព័ន្ធនឹងពាក្យបណ្តឹងទាមទារប្រាក់ របស់អតីតគូដណ្តឹង ដែលជាអាណិកជនខ្មែរ នៅអាមេរិក នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ នេះបើយោងតាមដីការបស់តុលាការក្រុងភ្នំពេញ ។
សូមរម្លឹកថា អតីតគូដណ្តឹងនាង នី មុន្នីនាថ គឺលោក អ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងជំងឺចិត្ត ដល់ខ្លួនចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា។ តាមពាក្យបណ្តឹងលោក អ៊ឹង សូឡាង បានចាត់ទុក នី មុន្នីនាថ ថា បោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នា ដោយនៅក្នុងនោះ លោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ។
យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗកន្លងមកនៅលើហ្វេសប៊ុករបស់ នី មុន្នីនាថ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា «ចង់និយាយច្រើនណាស់ តាមចិត្តខឹងតាមចិត្តក្ដៅ ប៉ុនែ្តពាក្យចាស់ពោលថាបើចង់ឈ្នះសត្រូវ ត្រូវធ្វើចិត្តឱ្យត្រជាក់» ៕