អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​អង្គការ​ចំនួន​១៣​របស់​ចិន​និង​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2017 ក+ ក-

​អាមេរិក ៖ កាលពី​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អង្គការ​ចំនួន​១៣​របស់​ចិន​និង​កូរ៉េខាងជើង​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់ថា បាន​ជួយ​រារាំង​ការ​រឹតត្បិត​នុយក្លេអ៊ែរ​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​និង​គាំទ្រ​ដល់​ប្រទេស​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​។​
​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​បានប្រកាស​សកម្មភាព​នេះ​មួយថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បានដាក់​ប្រទេស​កូរ៉េខាងជើង​ចូលក្នុង​បញ្ជី​រដ្ឋ​ឧបត្ថម្ភ​អំពើ​ភេរវកម្ម​វិញ​។​
​ការដាក់ទណ្ឌកម្ម​ថ្មី​នេះ​បានបង្ហាញ​ពី​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់​រដ្ឋបាល​លោក Trump លើ​ការធ្វើ​ឲ្យ​ខូច​ពាណិជ្ជកម្ម​រវាង​ចិន​និង​កូរ៉េខាងជើង​ដែល​ខ្លួន​បាន​និយាយថា គឺជា​គន្លឹះ​ក្នុង​ការដាក់​សម្ពាធ​ទីក្រុង​ព្យុងយ៉ាង​ឲ្យ​ងាក​ចេញពី​មហិច្ឆតា​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​នុយក្លេអ៊ែរ​អាច​វាយប្រហារ​សហរដ្ឋអាមេរិក​។​
​លោក Steven T. Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​បាន​និយាយថា “​ការកំណត់​នេះ​នឹងដាក់​ទណ្ឌកម្ម​បន្ថែម​ទៀតហើយ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​និង​មនុស្ស​ដែល​ពាក់ព័ន្ធ​ហើយ​វា​គាំទ្រ​ដល់​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរិមា​របស់​យើង​ដើម្បី​បំបែក​រដ្ឋ​ឃាតកម្ម​”​។​
​ការដាក់ទណ្ឌកម្ម​នេះ​រួមមាន​ការដាក់បញ្ចូល​ក្នុង​បញ្ជី​នៃ​ក្រុមហ៊ុន​ចិន​ចំនួន​៣​គឺ​ក្រុមហ៊ុន Dandong Kehua Economy & Trade Co., Dandong Xianghe Trading Co., និង Dandong Hongda Trade Co., ដែល​ក្រសួង​រតនាគារ​និយាយថា បានធ្វើ​ពាណិជ្ជកម្ម​ក្នុង​ចំនួន​ទឹកប្រាក់​ជាង​៧៥០​លាន​ដុល្លារ​រួមគ្នា​ជាមួយ​កូរ៉េខាងជើង​។​
​ទណ្ឌកម្ម​ទាំងនេះ​ក៏បាន​ដាក់បញ្ចូល​លោក Sun Sidong និង​ក្រុមហ៊ុន Dandong Dongyuan Industrial Co. របស់គាត់​នៅក្នុង​បញ្ជីខ្មៅ​ផងដែរ​។ នៅក្នុង​របាយការណ៍​កា​លពី​ខែមិថុនា អង្គការ C4ADS បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក Sun Sidong គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​ចិន​ដែលមាន​សមាមាត្រ​ពាណិជ្ជកម្ម​យ៉ាងច្រើន​ជាមួយ​កូរ៉េខាងជើង​។​
​ទណ្ឌកម្ម​ថ្មី​នេះ​ក៏បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​កូរ៉េខាងជើង​ជាច្រើន​ផងដែរ​ដែល​បញ្ជូន​កម្ម​ករ​ទៅ​ប្រទេសមួយ​ចំនួន​ដូចជា​រុស្ស៊ី ប៉ូឡូញ កម្ពុជា​និង​ចិន​។ អាជ្ញាធរ​អាមេរិក​បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​ការ​កាត់ផ្តាច់​ប្រាក់​ដែល​កូរ៉េខាងជើង​រកបាន​ពី​ការនាំចេញ​ពលករ​៕