គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួច​ទៅ​ពិនិត្យមើល​ឈ្មោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ សូម​ទៅ​ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន នៅលើ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ដែល​ត្រូវ​បិទ​ផ្សាយ​នៅ​សាលាឃុំ សង្កាត់ និង​ទីតាំង​ណាមួយ​ក្នុង​ឃុំ សង្កាត់ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​បើតាម គ​.​ជ​.​ប ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​អ្នក​ចុះឈ្មោះ​សរុប​ចំនួន​៥៣៦,៦៧៤​នាក់​។ ចំនួន​ឈ្មោះ​អ្នកបោះឆ្នោត ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​មាន ចំនួន​២១,៦៧១​នាក់ និង​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​ធ្វើការ​កែតម្រូវ​ឈ្មោះ និង​ទិន្នន័យ​មាន​ចំនួន​៥,៥៧២​នាក់​។ សរុប​ជា​លទ្ធផល​បណ្ដោះអាសន្ន អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ស​រុម​មាន​ចំនួន​៨,៣៨០,២៤០​នាក់ ស្មើនឹង​៨៤,៨០% បើ​ធៀប​ទៅនឹង​ចំនួន​ប៉ាន់ស្មាន អ្នកមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៩,៨៨២,៧៤៦​នាក់​។​
​សូមបញ្ជាក់ថា ប្រសិនបើ​ពលរដ្ឋ​ខកខាន​មិនបាន ទៅពិនិត្យ​ឈ្មោះ​ដោយផ្ទាល់ លើ​បញ្ជី​ដែល​ត្រូវ​បិទ​ផ្សាយ​នៅ​សាលាឃុំ សង្កាត់​ទេនោះ ពលរដ្ឋ​អាច​ពិនិត្យមើល​ឈ្មោះ​របស់​ខ្លួនឯង នៅលើ​គេហទំព័រ www.voterlist.org.kh ក៏បាន​៕