ប្រធានាធិបតី​ស្ស៊ី​ម​បា​វ៉េ​ថ្មី​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២៤​វិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2017 ក+ ក-

​ស្ស៊ី​ម​បា​វ៉េ ៖ កាលពី​ថ្ងៃ​ពុធ​អតីត​អនុ​ប្រធានាធិបតី​ស្ស៊ី​ម​បា​វ៉េ​លោក អេ​ម​មឺ​សុន ណា​ង៉ា​វ៉ា (Emmerson Mnagagwa) បាន​វិលត្រឡប់​មកកាន់​រដ្ឋធានី​ហា​រ៉ា​រ៉េ (Harare) វិញ​ជាមួយនឹង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ខណៈដែល​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​លោក​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​មួយ​នេះ​។​
​ថ្លែង​ទៅដល់​ប្រជាពលរដ្ឋ​ស្ស៊ី​ម​បា​វ៉េ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​កាន់អំណាច​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ អនគ​ត​ប្រធានាធិបតី​រូបនេះ​បាន​ថ្លែងអំណរគុណ​ទៅដល់​ប្រជាពលរដ្ឋ​ចំពោះ​ការជឿជាក់ និង​ការគាំទ្រ​របស់​ពួកគេ និង​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​យោធា​។ លោក ណា​ង៉ា​វ៉ា (Mnangagwa) បាន​ប្តេជ្ញា​ឆន្ទៈ​របស់លោក និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្ស៊ី​ម​បា​វ៉េ​ទាំងអស់​ចូលរួមចំណែក​នៅក្នុង​កា​រ​បង្កើត​ការងារ និង​កែប្រែ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ក្នុងអំឡុងពេល​លោក​បម្រើការ​នៅក្នុង​អាណត្តិ​របស់លោក មូ​ហ្គា​បេ ដែល​នៅសល់​រហូតដល់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៨​។​
​សូមបញ្ជាក់ថា បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់លោក រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) កាលពី​ថ្ងៃ​អង្គារ​, លោក ណា​ង៉ា​វ៉ា (Mnangagwa) ត្រូវបាន​គណបក្ស​កំពុង​កាន់អំណាច​ជ្រើសរើស​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ស្ស៊ី​ម​បា​វ៉េ​ថ្មី ដែល​នឹងត្រូវ​បានតែងតាំង​ដោយ​សភា​។ លោក ណា​ង៉ា​វ៉ា (Mnangagwa) នឹង​ក្លាយជា​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ទី​៣​ចាប់តាំងពី​ប្រទេសមួយ​នេះ​បានទទួល​ឯករាជ្យ​កាលពី​ឆ្នាំ​១៩៨០​មក​៕