ចិន​ប្រឆាំង​ដាច់ខាត​រាល់​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​ពីប្រទេស​ដទៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2017 ក+ ក-

​ប៉េកាំង ៖ អ្នកនាំពាក្យ​ឲ្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​ការដាក់ទណ្ឌកម្ម​ឯ​តោ​ភាគី​មកលើ​ពលរដ្ឋ ឬ​អង្គភាព​របស់ខ្លួន​ដោយ​រដ្ឋាភិបាល​ប្រទេស​ដទៃ​។​
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង លោក លូ កាង (Lu Kang) អ្នកនាំពាក្យ​ឲ្យ​ក្រសួងការបរទេស​ចិន​បានលើកឡើង​ម្តង​ហើយ​ម្តងទៀត​ចំពោះ​គោលជំហរ​របស់​ប្រទេស​ចិន​ប្រឆាំង​ទៅនឹង​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​។ លោក លូ បាន​បន្ថែមថា បណ្តា​ប្រទេស​ផ្សេងទៀត​អាច​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​។​
​ការ​ថ្លែង​បែបនេះ​របស់​អ្នកនាំពាក្យ​រូបនេះ​ធ្វើឡើង​បន្ទាប់ពី​រតនាគារ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានសម្រេច​ចិត្ត​នៅក្នុង​ការដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់​កូរ៉េខាងជើង ព្រមទាំង​រូបវ័ន្ត​បុគ្គល និង​ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​។​
​លោក​អះអាងថា ការដាក់ទណ្ឌកម្ម​នោះ​គឺជា​ចំណាត់ការ​ថ្មី​មួយ​របស់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្លាយជា​ប្រទេស​ឯកោ​ដោយសារតែ​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​គេ និង​ដើម្បី​បង្អាក់​ប្រាក់ចំណូល​របស់គេ​ផងដែរ​៕