ស៊ីដនី ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយថា អូស្ត្រាលីបានចេញមុខអំពាវនាវឲ្យសហរដ្ឋអាមេរិកខិតខំកសាងវត្តមានរបស់ខ្លួនឲ្យកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ី និងពង្រឹងទំនាក់ទំនងជាដៃគូ ដែលមានចិត្តគំនិតដូចគ្នា ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់មហាយក្សអាស៊ី គឺប្រទេសចិន។
របាយការណ៍រដ្ឋាភិបាលមួយច្បាប់ ស្តីពីគោលនយោបាយការបរទេសអូស្ត្រាលី បានលើកឡើងថា «សហរដ្ឋអាមេរិក ដែលមានភាពព្រងើយកន្តើយ ក៏ដូចជាអសកម្មនឹងជះផលប៉ះពាល់មិនល្អ ដល់សណ្តាប់ធ្នាប់ពិភពលោក។ ទន្ទឹមនោះអូស្ត្រាលីជឿជាក់ថា បញ្ហាប្រឈមអន្តរជាតិ អាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបាន លុះត្រាតែនៅពេលមហាអំណាចពិភពលោក ដ៏ជឿនលឿន ពោរពេញដោយអានុភាព និងមានជាងគេចូលរួមក្នុងការទប់ទល់ដោះស្រាយពួកវា»។
របាយការណ៍របស់សម្ព័ន្ធមិត្តដ៏ឥតងាករេមួយរបស់សហរដ្ឋអាមេរិកមួយនេះបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច និងរិទ្ធិអំណាច ដែលអាមេរិកធ្លាប់តែសប្បាយរីករាយនឹងទទួលបានចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី០២នោះ បច្ចុប្បន្នកំពុងមានចិនជាគូប្រជែងធំ៕