រាជធានីភ្នំពេញ ៖ អនុប្រធានក្រុមហ៊ុន GE របស់អាមេរិកកាំង លោក ចន រ៉ាយ (JonhE.Rice) ដែលកំពុងរកស៊ីនៅកម្ពុជានឹងក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីក្រុមមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីរាជរដ្ឋាភិបាលបានអះអាងថា សម្ដេច ហ៊ុន សែន នឹងស្នើសុំព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដល់លោកចនរ៉ាយ (JonhE.Rice) អនុប្រធានក្រុមហ៊ុន GE របស់សហរដ្ឋអាមេរិក ដែលបាននិងកំពុង វិនិយោគនៅកម្ពុជា។
គម្រោងស្នើសុំ របស់សម្ដេចតេជោ បែបនេះ ដោយសារតែសម្ដេច មើលឃើញថា លោក Jonh E. Rice មានបទពិសោធន៍ច្រើន ក្នុងកិច្ចការអភិវឌ្ឍន៍នៅកម្ពុជា ម្យ៉ាងទៀតលោក នឹងត្រូវចូលនិវត្តន៍ ពីការងារនៃក្រុមហ៊ុន GE ផងនោះ។
លោក ចន រ៉ាយ បានសម្តែងនូវមោទនភាព ក្នុងការទទួលយកតួនាទីនេះ ដោយលោកសន្យាថា នឹងខិតខំចូលរួមបំរើដល់ការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕