ខេត្តកណ្ដាល ៖ ករណីជំនួញឈើគ្រញូងជាង៣តោន ត្រូវបានសមត្ថកិច្ចប៉ូលីសខេត្តកណ្តាល បង្ក្រាបនៅក្រុងតាខ្មៅ កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៧ ឈានដល់ការឃាត់មនុស្ស១៩នាក់ តែមានតែមនុស្ស៤នាក់ប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ក្រោយឃុំខ្លួនត្រឹម១២ថ្ងៃប៉ុណ្ណោះ លោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចដោះលែង។
ប្រភពព័ត៌មានពីមន្ត្រីនៅក្នុងសាលាដំបូងខេត្តកណ្តាល បានបង្ហើបឱ្យដឹងនៅថ្ងៃនេះ ថា ជនត្រូវចោទទាំង៤នាក់ឈ្មោះ ដូ យ៉ាំងឡាំ ឈ្មោះ លួង ចន្ធី ឈ្មោះ ដាំង យាំតាំ និង ឈ្មោះ ឱម តុលារតន៍ ត្រូវបានលោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ចេញដីកាសម្រេចអនុញ្ញាតឱ្យជនត្រូវចោទនៅក្រៅឃុំបណ្តោះអាសន្ន តាមរយៈដីកាលេខ២៩៣០ ដ ក ស ក្រ ឃ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ករណីដោះលែងនេះ អ្នកឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ប្រចាំខេត្តកណ្តាល មិនទាន់ទទួលបានការពន្យល់ ពីអ្នកនាំពាក្យតំណាង អយ្យការ អមសាលាដំបូងខេត្តកណ្តាល គឺ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៅឡើយ ដោយសារលោក បានប្រាប់តាមទូរស័ព្ទថា លោកបានសុំច្បាប់ បច្ចុប្បន្នលោកនៅក្រៅប្រទេស ។ ចំណែក ប្រធាន សាលាដំបូងខេត្តកណ្តាល គឺ លោក ហុក វ៉ាន់ធីណា ក៏នៅមិនទាន់ទទួលការពន្យល់នៅឡើយដែរ ដោយសារម្សិលម៉ិញ លោកបានប្រាប់តាមទូរស័ព្ទថា ជាថ្ងៃឈប់សម្រាកជាប់ជាជីវិតឯកជនរបស់ លោក ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យ ការ អមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់បើកការពីបទ”ប្រមូលផល អនុផលព្រៃឈើប្រភេទ កម្រ (គ្រាក់ ក្រញូង)ដើម្បីបើកការស៊ើបសួរ តាមមាត្រា៩៨នៃច្បាប់ស្ដីពីព្រៃឈើ ។
ប្រភពព័ត៌មានបានបន្តទៀតថា ម្ចាស់ទីតាំងឈ្មោះ អ៊ី ស្រុន ភេទប្រុស ពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទេ ដោយសារតែរកពុំទាន់ឃើញបទល្មើស ។ ប៉ុន្តែ តុលាការកំពុងបន្តនីតិវិធី ហើយបើរកឃើញថា ម្ចាស់ផ្ទះមានជាប់ពាក់ព័ន្ធ តុលាការនឹងមានចំណាត់ការបន្តទៀត ។
ឈើក្រញូងរាប់ពាន់កំណាត់ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ក្រាបបាននៅក្នុងផ្ទះដែលជាទីតាំងស្តុកមួយកន្លែង តាមបណ្តោយផ្លូវលេខ ១១៥ ស្ថិតក្នុងភូមិតាក្ដុលត្បូងសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ជាង១០យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោក លី សុជាតិ នាយរង ការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានឱ្យដឹងថាផ្ទះស្តុកឈើក្រញូងខាងលើ មានម្ចាស់ ផ្ទះឈ្មោះ អ៊ី ស្រុន ភេទប្រុស ជួលផ្ទះ ទៅឱ្យក្រុមហ៊ុន បណ្ដាញទូរស័ព្ទ ដាក់សម្ភារៈ ផ្សេងៗ និងស្តុកឈើ ។
ប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើខាងលើ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល។
កម្លាំងបានចូលឆែកឆេរលំនៅដ្ឋានខាងលើ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់ ផ្ទុកក្នុងរថយន្ត ពីរ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ និងម៉ាកកាមរី និងឈើក្រញូង ច្រកក្នុងបាវជាច្រើនបាវ ហើយថែមទាំងបានឃាត់ខ្លួន មនុស្ស១៩នាក់ទៀតផង ។
ករណីនេះសមត្ថកិច្ចបានតាមប្រមាញ់ចាប់រថយន្តដឹកឈើក្រញូងខាងលើដែលកំពុងបើកតាមផ្លូវជាតិ ពេលនោះ គឺកម្លាំងបានតាមរថយន្តខាងលើរហូត ដល់រថយន្តនោះបើចូលផ្ទះមួយកន្លែងនៅតាមបណ្តោយផ្លូវលេខ១១៥ និងបានបិទទ្វារផ្ទះជិត។ភ្លាមនោះលោកក៏បានសុំគោលការណ៍ធ្វើការឆែកឆេរភ្លាមៗ រកឃើញឈើក្រញូងជាច្រើនពាន់កំណាត់៕