ភ្នំពេញ ៖ ជាបុគ្គលឯករាជ្យ លោក ជា ចំរើន នៅពេលនេះបានដាក់លិខិតទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលជាសមាជិករបស់គណបក្ស ប្រជាជនកម្ពុជាជាផ្លូវការ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២៤ វិច្ឆិកា ឆ្នឈ២០១៧ លោក ជា ចំរើន បាន បញ្ជាក់ថា លោកពិតជាបានដាក់លិខិតមួយច្បាប់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេច អគ្គមហាសេនាបតីតេជោជាប្រមុខដឹកនាំដ៏ឆ្នើម នៃគណបក្សប្រជាជនកម្ពុជាដែលប្រកបដោយ សមត្ថភាព ប្រាជ្ញាឈ្លាសវៃ និងគុណធម៌ ដោយខ្លឹមសារនៃពាក្យស្នើសុំនេះសូមឲ្យសម្តេចប្រធានគណ បក្ស មេត្តាពិនិត្យ និងអនុញ្ញាតឲ្យរូបលោកបានចូលជាសមាជិក គណបក្សប្រជាជនកម្ពុជាដោយក្តី អនុគ្រោះបំផុត។
លោក ជា ចំរើន បានបញ្ជាក់ថា ពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាបាន ដាក់ជូន ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (គ៨៥) រួចហើយ។ លោកបានបន្ថែមថា មុននឹងសុំចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះលោកជាបុគ្គលឯករាជ្យ និងជាអ្នកធ្វើការងារតាម របៀបជាអង្គការក្រៅរដ្ឋាភិបាលដើម្បីជួយសង្គម ហើយថាការដែល រូបលោកសម្រេចចិត្តសុំចូលជា សមាជិកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ ព្រោះក្តីស្រឡាញ់បំផុតចំពោះគណបក្ស និង មិនបានសម្លឹងឃើញពីតំណែង ឬក៏តួនាទីអ្វីមួយដែលគណបក្សនឹងផ្តល់មកឲ្យរូបលោកនោះសោះ ក្នុង ករណីដែលសម្តេចប្រមុខគណបក្សសម្រេចទទួលយករូបលោកឲ្យចូលជាសមាជិកបក្សតាមការស្នើសុំនេះ ឬក៏យ៉ាងណានោះ។
បើទោះបីជាមានការស្នើសុំមិនឱ្យសារព័ត៌មានលើកឡើងពីនិន្នាការក្នុងអតីតកាលរបស់លោក យ៉ាងណាក្តី ក៏លោក ជា ចំរើន ត្រូវបានគេស្គាល់លោកជាទូទៅថា លោកធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងជួររាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក៕