រាជធានីភ្នំពេញ ៖ យោងតាមព្រះរាជបន្ទូលរបស់សម្តេចក្រុមព្រះ ន.រណឫទ្ធិ ព្រះប្រធានគណ បក្សហ្ទ៊ុនស៊ិនប៉ិច បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា គណបក្សនេះបានដាក់បេក្ខភាព លោក យូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភា ។ ចំណែកលោក នុត សាខុម ជាអនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) ។
សម្តេចក្រុមព្រះបានបង្ហាញថា “ខ្ញុំបានដាក់លោក នុត សុខុម ជាអនុប្រធាន គ.ជ.ប មានតួនាទីធំ។ មុនដំបូងយើងបានជ្រើសរើស លោក យូ ហុកគ្រី ប៉ុន្តែច្បាប់មិនអនុញ្ញាត ព្រោះគាត់មានសញ្ជាតិពីរ គេមិនអនុញ្ញាតទេ។ ប៉ុន្តែលោក យូ ហុកគ្រី បានជាអនុប្រធានរដ្ឋសភាទី១។ ខ្ញុំធ្លាប់ធ្វើជាប្រធានរដ្ឋសភាខ្ញុំអត់ធ្វើទេ”។
សម្តេចក្រុមព្រះ បានបញ្ជាក់ជាថ្មីថា ក្នុងការចូលជាសមាជិកសភា គឺស្របតាមការកំណត់ របស់តុលាការកំពូល ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កន្លងមក ហើយសមាជិក គណបក្សទាំងអស់ នឹងចុះធ្វើការតាមមូលដ្ឋានរបស់ខ្លួន នីមួយៗ ដើម្បីឲ្យបានជាប់ឆ្នោត នៅពេលខាងមុខ ៕