សេអ៊ូល ៖ កូរ៉េខាងត្បូងបានចេញសេចក្តីព្រមានមិនឲ្យកូរ៉េខាងជើងមានការបំពានកិច្ចព្រមព្រៀងយុទ្ធសន្តិភាពជាថ្មី បន្ទាប់នៅក្នុងខែវិច្ឆិកានេះ រដ្ឋាភិបាលក្រុង ព្យុងយ៉ាងបានបំពានកិច្ចព្រមព្រៀងនេះម្តងហើយ គ្រាដែលយោធាកូរ៉េខាងជើងបានបាញ់ និងបង្កឱ្យយោធារបស់ខ្លួនម្នាក់រងរបួស ខណៈដែលទាហានរូបនេះលួចរត់គេចចេញពីដែនដីកូរ៉េខាងជើង ដោយឆ្លងកាត់បន្ទាត់ព្រំដែន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters។
ទាហានកូរ៉េខាងជើងដែលលួចរត់គេចខ្លួនរូបនេះត្រូវបានក្រុមទាហានខ្លួនដេញតាមបាញ់បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវទាហានកូរ៉េខាងត្បូងជួយសង្គ្រោះ និងជាសះស្បើយឡើងវិញ បន្ទាប់ពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យកូរ៉េខាងត្បូង។ ហេតុការណ៍នេះបានកើតឡើង ខណៈដែលភាពតានតឹងកើតមានរវាងរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ជាមួយនឹងអន្តរជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា ទាហានកូរ៉េខាងជើងម្នាក់ បានរត់ឆ្លងកាត់បន្ទាត់ព្រំដែនទៅប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយវីដេអូត្រូវបានចេញផ្សាយដោយមេបញ្ជាការយោធាអង្គការសហប្រជាជាតិក្នុងទីក្រុង សេអ៊ូល បង្ហាញពីការបំពានបទឈប់បាញ់ពីសំណាក់ដ្ឋាភិបាល ក្រុងព្យុងយ៉ាង ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣៕