ចិន ៖ មន្ត្រីមូលដ្ឋានបាននិយាយថា មនុស្សចំនួន៦នាក់បានស្លាប់ និងចំនួន៩នាក់ទៀតបានរងរបួសក្រោយពីដីបានរអិលធ្លាក់ទៅលើអ្នកដំណើរជាច្រើន និងយានយន្តកង់បីមួយគ្រឿងដែលបើកឆ្លងកាត់កន្លែងនោះកាលពីចុងសប្ដាហ៍មកនេះនៅតំបន់ស្វយ័តហ្គ័ងស៊ីហ្ស័ងនៅភាគខាងត្បូងប្រទេសចិន។
មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា មនុស្សចំនួន៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យ ហើយជនរងគ្រោះទាំងអស់បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅតាមមន្ទីរនៅក្បែរកន្លែងកើតហេតុ។
ជនរងគ្រោះម្នាក់បាននិយាយថា ដំបូងឡើយមានដុំថ្មតូចៗរមៀលធ្លាក់ពីលើភ្នំបន្ទាប់មកដុំថ្មធំៗបានធ្លាក់មកជាបន្តបន្ទាប់ត្រូវចំរថយន្តរបស់ពួកគេដែលស្ថិតនៅក្បែរនោះ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានបិទផ្លូវនៅជុំវិញកន្លែងគ្រោះថ្នាក់នេះ ហើយពេលនេះពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយ៕