អូស្ត្រាលី​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​រៀប​គម្រោង​វាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2017 ក+ ក-

​អូស្ត្រាលី ៖ ក្រុមមន្ត្រី​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប៉ូលិស​អូស្ត្រាលី​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​រៀបចំ​គម្រោងការ​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​ទៅលើ​តំបន់​មួយ​ស្ថិតក្នុង​ទីក្រុង​មែ​ល​ប៊​ន (Melbourne) ដែលជា​ទីក្រុង​ធំ​បំផុត​ទី​២​របស់​ប្រទេស​អូស្ត្រាលី​។​
​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​រដ្ឋ​វី​ក​តូ​រៀ (Victoria) បាន​និយាយថា បុរស​សង្ស័យ​សញ្ជាតិ​អូស្ត្រាលី​វ័យ​២០​ឆ្នាំ​ដែលមាន​ឪពុកម្តាយ​ជា​ជនជាតិ​សូ​ម៉ាលី​នោះបាន​ព្យាយាម​ទទួលយក​កាំភ្លើង​វែង​បាញ់​ដោយ​ស្វ័យប្រវត្តិ​មួយ​ដើមពី​មនុស្ស​មួយក្រុម​ដើម្បី​បើក​ការវាយប្រហារ​ទៅលើ​តំបន់​ប្រជុំជន​មួយកន្លែង​ដែល​មនុស្ស​រាប់ពាន់នាក់​តែងតែ​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​រៀងរាល់ឆ្នាំ​។​
​ប៉ូលិស​ប្រឆាំង​អំពើ​ភេរវកម្ម​បាន​តាមដាន​បុរស​សង្ស័យ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុម​ជ្រុលនិយម និង​ជា​អ្នកគាំទ្រ​ក្រុម​អាយ​ស៊ី​ស​នោះ​នៅក្នុង​ឆ្នាំនេះ ហើយ​បាន​ឈានដល់​ការចាប់ខ្លួន​នៅពេលដែល​រូបគេ​បាន​ជួប​ជាមួយ​មនុស្ស​មួយក្រុម​នោះ​។ ទន្ទឹម​នោះ​ប៉ូលិស​រំពឹងថា បុរស​សង្ស័យ​នោះ​នឹង​ចូល​បង្ហាញខ្លួន​នៅក្នុង​តុលាការ​ទីក្រុង​មែ​ល​ប៊​ន​នៅ​ថ្ងៃ​អង្គារ​នេះ ឬ​ថ្ងៃ​ពុធ​ដោយ​ចោទប្រកាន់​ពីបទ​រៀបចំ​គម្រោងការ​វាយប្រហារ​ភេរវកម្ម​ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​។​
​សូមបញ្ជាក់ថា ប្រទេស​អូស្ត្រាលី​បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ច្បាប់​កាន់​កាន់​អាវុធ ហើយ​ពលរដ្ឋ​អូស្ត្រាលី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​កាន់កាប់​កាំភ្លើង​ស្វ័យប្រវត្តិ​ទេ​៕