រុស្ស៊ី​ថ្កោលទោស​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​របស់​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

​រុស្ស៊ី ៖ ប្រទេស​រុស្ស៊ី​បាន​និយាយ​ពីថ្ងៃ​ពុធ​ថា ការបាញ់​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​គឺជា​ការបង្ក​ហេតុ​មួយ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឱកាស​នៃ​ការដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតមាន​នៅពេល​បច្ចុប្បន្ន​។​
​លោក ឌី​មី​ទ្រី ផេ​ស្កូវ មន្ត្រី​នាំពាក្យ​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សម្ដែង​ក្ដីសង្ឃឹម ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​រក្សា​ភាពស្ងប់ស្ងាត់​ក្នុងការ​ទប់ស្កាត់​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កុំ​ឲ្យ​ឈានទៅដល់​សេនា​រី​យ៉ូ​កាន់តែ​អាក្រក់​បំផុត​។ ទន្ទឹម​នោះ​លោក ផេ​ស្កូវ ក៏បាន​ប្រកាស​ថ្កោល​ការបាញ់​មី​ស៊ី​លពី​សំណាក់​ប្រទេស​កូរ៉េខាងជើង​ថា​ជា​សកម្មភាព​បង្ក​ហេតុដែល​បាន​បង្កើន​ភាព​តានតឹង និង​ពន្យារពេល​ការចាប់ផ្ដើម​នៃ​កិច្ចប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​ស្ថានការណ៍​វិបត្តិ​នេះ​។​
​សូមបញ្ជាក់ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េខាងជើង​នេះ​បានកើត​ឡើង​នៅពេល​គណៈប្រតិភូ​រដ្ឋសភា​ប្រទេស​រុស្ស៊ី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង និង​ត្រូវបាន​គេ​ចាត់ទុកថា​មាន​កម្លាំង​ខ្លាំង​និង​ឆ្ងាយ​ជាង​មី​ស៊ី​ល​ដែល​ប្រទេស​នេះ​បាន​បាញ់​កាលពី​ពេលមុនៗ​៕