១០​ខែ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ស្លាប់​មនុស្ស​១,៤៦៩​នាក់ និង​៤,៥៣០​នាក់​រងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១០​ខែ​ដំបូង នៃ​ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន​២,៩៥៨​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១,៤៦៩​នាក់ និង​របួស​ចំនួន​៤,៥៣០​នាក់ ក្នុងនោះ​ជា​មធ្យម​ក្នុង​មួយថ្ងៃ មាន​អ្នកស្លាប់​ចំនួន​៤.៨​នាក់ និង​របួស​ចំនួន ១៥.១​នាក់ ដោយសារ​មូលហេតុ​ការបើកបរ​លើស​ល្បឿន​កំណត់​៣៦% មិន​គោរព​សិទ្ធិ​១៦% មិន​ប្រកាន់​ស្តាំ​១៣% វ៉ា​ជែង​១១% បត់​១០% ស្រវឹង​១០% កត្តា​យានយន្ត​៣% និង​ងងុយ​១%​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ថយ​ចំនួន​៤៣​លើក ស្មើ​១% ស្លាប់​កើន​ចំនួន​៤៤​នាក់ ស្មើ​៣% និង​របួស​ថយ​ចំនួន​៨២៣​នាក់ ស្មើ​១៨%​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អនុគណៈកម្មការ​ទី​២ (​អនុគណៈកម្មការ​ត្រួត​ពិនិត្យ ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​)​។​
​របាយការណ៍​បន្តថា ពាក់ព័ន្ធ​រថយន្ត​ដឹក​អ្នកដំណើរ​៖ រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៥៥​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣៦​នាក់ និង​របួស​ចំនួន​១៦៤​នាក់ ក្នុងនោះ​បង្កឡើង​ដោយ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​៣៣​លើក ស្នើ​៦០% ដោយសារ​មូលហេតុ​ការបើកបរ​លើស​ល្បឿន​កំណត់ ២១​លើក មិន​គោរព​សិទ្ធិ​០៩​លើក មិន​ប្រកាន់​ស្តាំ​០៧​លើក វ៉ា​ជែង​០៨​លើក ខុស​លក្ខណៈ​បច្ចេកទេស​០៥​លើក ស្រវឹង​០១​លើក បត់​មិន​ប្រយ័ត្ន​០២​លើក មនុស្ស​រត់​ចូល​ឡាន​០២​លើក​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ គ្រោះថ្នាក់​កើន​ចំនួន​៣០​លើក ស្មើ​១២០% ស្លាប់​កើន​ចំនួន​០៦​នាក់ ស្មើ​២០% និង​របួស​កើន​ចំនួន​១០​នាក់ ស្មើ​៦%​។​
​ពាក់ព័ន្ធ​រថយន្ត​ដឹកទំនិញ​៖ រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៥0​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣១​នាក់ និង​របួស​ចំនួន​៣៥​នាក់ ក្នុងនោះ​បង្កឡើង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ចំនួន​២៥​លើក ស្មើ​៥០% ដោយសារ​មូលហេតុ ការបើកបរ​លើស​ល្បឿន​កំណត់​២២​លើក​, មិន​គោរព​សិទ្ធិ​០៧​លើក​, មិន​ប្រកាន់​ស្តាំ​០១​លើក វ៉ា​ជែង​០៩​លើក​, បត់​មិន​ប្រយ័ត្ន​០២​លើក​, ងងុយ​០២​លើក​, លក្ខណៈ​បច្ចេកទេស​០៣​លើក​, ដួល​ចូល​ឡាន​០១​លើក​, ថ្នើ​ជើង​រត់​ចូល​ឡាន​០២​លើក​, រេ​ចង្កូត​ធ្លាក់​ផ្លូវ ០១​លើក​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ថយ​ចំនួន​៦៧​លើក ស្មើ​៥៧% ស្លាប់​ថយ​ចំនួន​៥៤​នាក់ ស្មើ​៦៣% និង​របួស​ថយ​ចំនួន​១២៧​នាក់ ស្មើ​៧៨%​។​
​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ពាក់ព័ន្ធ​ក្រុមហ៊ុន​ដឹកជញ្ជូន​ប្រេងឥន្ធនៈ​មាន​ចំនួន​១១​លើក ស្លាប់​ចំនួន​០៥​នាក់ និង​របួស​ចំនួន​០៩​នាក់ ហើយ​មូលហេតុ​កើត​គ្រោះថ្នាក់​រួមមាន បើកបរ​ល្មើស​ល្បឿន​កំណត់​០៦​លើក​, មិន​គោរព​សិទ្ធ ០២​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក​, ខុស​លក្ខណៈ​បច្ចេកទេស​០១​លើក​។ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ គ្រោះថ្នាក់​កើន​ចំនួន​០៥​លើក ស្មើ​៨៣% ស្លាប់​កើន​ចំនួន​០២​នាក់ ស្មើ​៦៦% និង​របួស​កើន​ចំនួន​០៦​នាក់ ស្មើ​២០០%៕