តុលាការ​ឥណ្ឌា​កាត់ទោស​ប្រហារជីវិត​បុរស​០៣​នាក់​ករណី​រំលោភ​សេពសន្ថវៈ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

​ញូ​ដេលី ៖ តុលាការ​ថ្នាក់​តំបន់​ក្នុង​រដ្ឋ Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​នា​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បានសម្រេច​កាត់ទោស​ប្រហារជីវិត​បុរស ០៣​នាក់ ពីបទ​រំលោភ​សេពសន្ថវៈ និង​ឃាតកម្ម​ទៅលើ​យុវតី​វ័យ​១៥​ឆ្នាំ​ម្នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​ឧប្បត្តិហេតុ​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ខឹងសម្បា​ជាខ្លាំង ពី​សំណាក់​សាធារណជន នៅ​ទូទាំង​រដ្ឋ ដោយ​ប្រជាជន​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ពាសពេញ​ដងផ្លូវ ខណៈដែល​ការរំលោភបំពាន​ផ្លូវភេទ បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក នៅក្នុង​ប្រទេស​មហា​យក្ស​ទី​ពីរ​នៅ​អាស៊ី ដែលមាន​ចំនួន​ប្រជាជន​ជា ១.២​ពាន់​លាន​នាក់​មួយ​នេះ​។​
​សូម​រលឹក​ថា កាលពី​ខែកក្កដា ឆ្នាំ​២០១៦ បុរស​ទាំង​០៣ ដែល​ស្ថិតក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​ដូចគ្នា​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សេពសន្ថវៈ ទៅលើ​យុវតី​រងគ្រោះ នៅក្នុង​ភូមិ Kopardi នៃ​ស្រុក Ahmednagar ចម្ងាយ​ប្រហែល ៣០២​គីឡូម៉ែត្រ ភាគ​ខាងកើត​ទីក្រុង Mumbai ដែលជា​រដ្ឋធានី​របស់​រដ្ឋ Maharashtra៕