កម្ពុជានឹងចុះត្រជាក់រហូតដល់១៦អង្សាសេចាប់ពីថ្ងៃទី៨ ដល់១៤ ខែធ្នូ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧត្តុនិយមបានប្រកាសថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុនៅកម្ពុជាបង្ហាញថា ខ្យល់មូសុងឥសាន បាននឹងកំពុងបន្តបង្កើនឥទ្ធិពលខ្លាំងមកលើកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឱ្យសីតុណ្ហភាពអប្បបរមានៅកម្ពុជាបន្តថយចុះបន្ថែមទៀតជាបន្តបន្ទាប់។
យោងតាមការព្យាករណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី០៨ ដល់ទី ១៤ ខែធ្នូ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលសីតុណ្ហភាពនឹងចុះទៅត្រឹមរង្វង់ពី១៦ទៅ១៨ អង្សារសេ ខណៈដែលបណ្តារាជធានីខេត្តដទៃទៀត សីតុណ្ហភាពនឹងចុះត្រជាក់ត្រឹមតែ១៩ទៅ ២០អង្សាសេតែប៉ុណ្ណោះ៕