វៀតណាម ៖ មេធាវីបាននិយាយថា តុលាការមួយនៅប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានគាំទ្រការកាត់ទោសជាប់គុក១០ឆ្នាំចំពោះអ្នកសរសេរប្លុកម្នាក់ដែលត្រូវគេចោទពីបទឃោសនាប្រឆាំងនឹងរដ្ឋដែលនេះជាសកម្មភាពចុងក្រោយក្នុងការបង្ក្រាបលើអ្នករិះគន់នៃរដ្ឋឯកបក្សមួយនេះ។
បើទោះបីជាមានកំណែទម្រង់សេដ្ឋកិច្ចធំធេងនិងការបើកទូលាយឆ្ពោះទៅរកការផ្លាស់ប្តូរសង្គមរួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានិងមនុស្សប្តូរភេទក៏ដោយ, គណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសវៀតណាមបានត្រួតត្រាប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹងនិងមិនអត់ឱនចំពោះការរិះគន់នោះទេ។
នាង Nguyen Ngoc Nhu Quynh អាយុ៣៧ឆ្នាំដែលត្រូវបានគេស្គាល់ថាជា “Me Nam” ឬ “មេផ្សិត” ហើយទទួលបានការចាប់អារម្មណ៍ពីប្លុកអំពីបញ្ហាបរិស្ថាននិងការស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិសនោះគឺត្រូវបានរកឃើញថាមានកំហុសនៅក្នុងខែមិថុនាសម្រាប់ការចែកចាយនូវអ្វីដែលប៉ូលិសហៅថា របាយការណ៍ប្រឆាំងនឹងរដ្ឋ។
មេធាវីម្នាក់របស់នាងបាននិយាយ តុលាការមួយនៅទីក្រុងភាគកណ្តាល Nha Trang បានគាំទ្រការកាត់ទោសរបស់ Quynh។
លោក Ha Huy Son បានប្រាប់រ៉យទ័រតាមទូរស័ព្ទថា “ការកាត់ទោសនេះមិនមានគោលដៅនិងមិនយុត្តិធម៌ទេ។ Quynh បាននិយាយថា នាងគ្មានកំហុសទេហើយនាងបានអនុវត្តសិទ្ធិរបស់នាងក្នុងនាមជាពលរដ្ឋម្នាក់”។
កាលពីខែមីនាឆ្នាំ២០០៩ នាង Quynh ត្រូវជាប់ក្នុងមន្ទីរឃុំខ្លួនរបស់ប៉ូលិសរយៈពេល៩ថ្ងៃដោយសារការទទួលបានមូលនិធិពី Viet Tan ដែលជាក្រុមសកម្មជនវៀតណាមមួយមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាដែលវៀតណាមហៅថាជាក្រុមភេរវករ។
នាង Quynh ក៏បាននិយាយប្រឆាំងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ Formosa Plastics Corp របស់កោះតៃវ៉ាន់ផងដែរដែលបានបង្កឲ្យមានគ្រោះធម្មជាតិមួយក្នុងចំណោមគ្រោះមហន្តរាយបរិស្ថានធំបំផុតរបស់វៀតណាមកាលពីខែមេសា៕