ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២កញ្ញានេះ លោកប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករបានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញទាក់ទងការដឹកនាំកម្មករធ្វើកូដកម្ម បាតុកម្ម ទាមទារដំឡើងប្រាក់ខែ ១៦០ ដុល្លារ នៅផ្លូវវ៉េងស្រេងដែលនាំឲ្យមានអំពើហិង្សាកាលពីចុងឆ្នាំ២០១៣ រហូតដល់ដើមឆ្នាំ២០១៤ ដែលបានបណ្តាលឲ្យកម្មករស្លាប់ និងរបួសរួមទាំងកម្មករ ១៣ នាក់ ត្រូវបានចាប់ខ្លួន។
ចំណែកលោក ស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីព (NIFTUC) ដែលត្រូវតុលាការ កោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី១២ ខែកញ្ញា នេះផងដែរ គឺមិនបានចូលខ្លួន មកភ្លឺនោះទេ ដោយមានបេសកកម្ម នៅក្រៅប្រទេស។
បន្ទាប់ពីសាកសួរ អស់ពេលជាង១ម៉ោង លោក ប៉ាវ ស៊ីណា មិនត្រូវបានតុលាការ ចោទប្រកាន់ ឬក៏ចាប់ ខ្លួននោះទេ។
លោក ប៉ាវ ស៊ីណា បានប្រាប់ឲ្យដឹងថា លោកបានឆ្លើយបំភ្លឺ ទៅតាមការសាកសួរ របស់ចៅក្រម ហើយបន្ទាប់ពីសាកសួរ និងសន្និដ្ឋានរួចមក លោកចៅក្រម បានអនុញ្ញាតឲ្យលោក ត្រឡប់ទៅវិញ ប៉ុន្តែលោកត្រូវស្ថិតនៅ ក្រោមការត្រួតពិនិត្យ និងមិនឲ្យលោក ធ្វើសកម្មភាពផ្សេងៗ ឬក៏ជួបជុំធ្វើការតវ៉ានោះទេ។
លោកបានបន្តថា ការសាកសួរ គឺពាក់ព័ន្ធទៅនឹងចំណុច ដែលក្តៅបំផុត គឺករណីប៉ះទង្គិចគ្នា នៅផ្លូវវ៉េងស្រេង ដែលអាជ្ញាធរ ៣ ខណ្ឌ និងសមាគមរោងចក្រកាត់ដេរ បានប្តឹងមកលើរូបលោក និងមេដឹកនាំសហជីព ផ្សេងទៀត។
លោក ប៉ាវ ស៊ីណា បានមន្ថែមទៀតថា នេះគឺជាការគំរាមកំហែងថ្មីមួយទៀត បន្ទាប់ពីប្រាក់ឈ្នួល ១៦០ ដុល្លារ ដែលយើងស្នើសុំ កាលពីចុងឆ្នាំ២០១៣ រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ ហើយយើងស្នើសុំឲ្យមាន ការទម្លាក់នូវបទចោទប្រកាន់ផ្សេងៗ មកលើមេដឹកនាំសហជីព និងសកម្មជន តែរហូតមកដល់ពេលនេះ បញ្ហានឹងនៅតែ ជាប្រធានបទមួយ ដែលត្រូវបានភាគី សមាគមរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធ គឺយកបញ្ហានឹងមកដាក់បន្ទុកលើពួកយើង កុំឲ្យពួកយើង ធ្វើសកម្មភាពតវ៉ាថ្មីមួយទៀត៕