វ៉ាស៊ីនតោន ៖ សារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកនេះថា សេតវិមានបានចេញមុខទាត់ចោល សេចក្ដីរាយការណ៍មួយដែលថា លោក រិច ធីល្លឺសុន នឹងត្រូវបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិ និងជំនួសមកវិញនូវលោក Mike Pompeo។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា «លោក រិច ធីល្លឺសុន នឹងបន្តដឹកនាំក្រសួងការបរទេសអាមេរិក ហើយព័ត៌មានដែលថា រូបលោកនឹងត្រូវដកដំណែង គឺជារឿងមិនពិត»។ ប៉ុន្តែទន្ទឹមគ្នានោះ លោកស្រី Sanders បានបន្តទៀតថា នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាត់បង់ការជឿទុកចិត្តលើនរណាម្នាក់ នោះពួកគេមិនអាចបន្តកាន់តំណែងបានទៀតនោះទេ។
សូមបញ្ជាក់ថា សារព័ត៌មានធំៗមួយចំនួនបានចេញផ្សាយសេតវិមានគ្រោងនឹងបណ្ដេញលោក រិច ធីល្លឺសុន ចេញពីតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក និងជំនួសមកវិញដោយនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក Mike Pompeo៕