ក្រុម​តា​លី​បង់​សម្លាប់​មនុស្ស​៩​នាក់​ក្នុង​មហាវិទ្យាល័យ​មួយ​នៅ​ប៉ា​គី​ស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2017 ក+ ក-

​ប៉ា​គី​ស្ថាន ៖ ប៉ូលិស​បាន​និយាយថា និស្សិត​៨​នាក់ និង​បុគ្គលិក​ក្នុង​មហាវិទ្យាល័យ​នោះ​ម្នា​ក់បាន​បាត់បង់​ជីវិត និង​មនុស្ស​១១​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​សម្រុកចូល​មហាវិទ្យាល័យ​មួយកន្លែង​នៅក្នុង​ទីក្រុង​ភេ​សាវ៉ា (Peshawar) ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា បុរស​យ៉ាងតិច​៣​នាក់​ដែល​បន្លំ​ខ្លួន​ស្លៀកពាក់​ជា​ស្ត្រី​មូស្លីម​បានធ្វើ​ដំណើរ​មកដល់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​កសិក​ម្ម​ក្រុង​ភេ​សាវ៉ា (Peshawar) ដោយ​រទេះរុញ និង​បាន​សម្រុកចូល​កន្លែង​នោះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ដែរ​ថា ការផ្ទុះ​យ៉ាងតិច​ម្ដង​ត្រូវ​បានលឺ​ចេញពី​ខាងក្នុង​មហាវិទ្យាល័យ​នោះ​។ ចំណែក​កងទ័ព​ប៉ា​គី​ស្ថាន​បាន​និយាយថា ក្រុម​អ្នក​វាយប្រហារ​ទាំង​៣​នាក់​ត្រូវបាន​សម្លាប់ ហើយ​ក្រុម​តា​លី​បង់​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​បាន​និយាយថា​ពួកគេ​គឺជា​អ្នករៀបចំ​ការវាយប្រហា​រ​នោះ​។​
​សូមបញ្ជាក់ថា ទីក្រុង​ភេ​សាវ៉ា (Peshawar) ដែល​ស្ថិត​នៅក្បែរ​ព្រំដែន​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ទទួលរង​ការវាយប្រហារ​ដ៏​អាក្រក់ៗ​បំផុត​អំឡុងពេល​នៃ​ការបះបោរ​របស់​ក្រុម​តា​លី​បង់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕