ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងម្នាក់ឈ្មោះ សំ ផ្នែកអន្តោប្រវេសន៍ដើរសំឡុតយកលុយតាមផ្ទះសំណាក់ក្នុង១ខែចាប់ពី២ម៉ឺនរៀលឡើងទៅ ប្រសិនបើឲ្យមិនគ្រប់ហែកលុយចោល។
ប្រជាពលរដ្ឋបានរិះគន់ថា ក្នុងនាមជាមន្ត្រីអនុវត្តន៍ច្បាប់ក្នុងស្ថាប័នរដ្ឋមិនគួរយកអំណាចរបស់ខ្លួនបំពានមកលើប្រជាពលរដ្ឋស្លូតត្រង់ដែលបើកផ្ទះសំណាក់ដើម្បីជីវភាពរស់រានក្នុងសេចក្តីថ្លៃថ្នូរឡើយ។ប្រភពបន្តថា ប្រាក់ខែនគរបាលជាតិមានគ្រប់គ្រាន់ហើយ ដូច្នេះមន្ត្រីនគរបាលមិនគួរដើរសន្សំកាក់ល្អិតឬធ្វើជាត្រីងៀតឈ្លៀតពងតាមផ្ទះសំណាក់ កោសជប់ ឬទីតាំងបទល្មើសផ្សេងៗឡើយ។ ទន្ទឹមនោះប្រជាពលរដ្ឋក៏បានអំពាវនាវដល់លោក ប៉ាង ហៀង ជាអធិការគំរូល្អគួរដាស់តឿនមន្ត្រីរបស់លោកផងមិនត្រូវបណ្តោយអោយឈ្មោះ (សំ) ខាងលើដើធ្វើព្យុះភ្លៀងចំពោះប្រជាពលរដ្ឋបើកអាជីវកម្មស្របច្បាប់នោះទេ។
ជាមួយគ្នានោះមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងគួរស្រាវជ្រាវ ឬណែនាំលោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងដែលកំពុងអសមត្ថភាពគ្រប់គ្រងកូនចៅផងទាន៕