រុស្ស៊ី ៖ កាលពីថ្ងៃអាទិត្យក្រសួងការពារជាតិប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូមួយដែលបង្ហាញឲ្យឃើញពីយន្តហោះចម្បាំងរបស់ខ្លួនមួយចំនួនកំពុងវាយប្រហារគោលដៅក្រុមសកម្មប្រយុទ្ធនៅភាគអាគ្នេយ៍នៃខេត្តឌែរអាល់ហ្ស័រនៅប្រទេសស៊ីរី។
ក្រសួងការពារជាតិនេះបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-22M3 បានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅប្រទេសរុស្ស៊ី និងវាយប្រហារចំគោលដៅរបស់ក្រុមសកម្មប្រយុទ្ធមួយចំនួនដូចជាឃ្លាំង រថយន្តយោធា និងមូលដ្ឋានជាដើម។ ក្រសួងដដែលនេះបានបន្ថែមទៀតថា យន្តហោះទម្លាក់គ្រាប់បែកនេះត្រូវបានហោះអមការពារដោយយន្តហោះចម្បាំងប្រភេទ Su-30SM ដោយហោះចេញពីមូលដ្ឋានយោធារបស់ប្រទេសរុស្ស៊ីនៅប្រទេសស៊ីរី។
ទីភ្នាក់ងារព័ត៌មានប្រទេសរុស្ស៊ីបានរាយការណ៍ថា ប្រទេសរុស្ស៊ីពេលនេះកំពុងត្រៀមខ្លួនដកអង្គភាពយោធារបស់ខ្លួនចេញពីដែនដីប្រទេសស៊ីរី៕