ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីបួងសួងសូមសេចក្តីសុខ និងសន្តិភាពសម្រាប់ប្រទេសកម្ពុជាដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃ១៥កើត ថ្ងៃពេញបូរមី ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅមុខ ប្រាសាទអង្គរ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិធីបួងសួងនេះ គឺធ្វើតាមលំអានរបស់ព្រះមហាក្សត្រខ្មែរ ក៏ដូចជាអតីតព្រះមហាក្សត្រតាំងពីបុព្វកាល ដែលតែងតែធ្វើពិធីបួងសួងនៅពេលទទួលបានជោគជ័យអ្វីមួយ ។ លោកស្រីបន្តថា ពិធីបួងសួងនេះ ក៏ជាការឧទ្ទិសកុសលជូនដល់បុព្វការីជន ក៏ដូចជាបុព្វបុរសខ្មែរ ដែលបានតស៊ូលះបង់ និងបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ។ លោកស្រីបន្ថែមថា ពិធីនេះក៏ជាសាបព្រោះ និងបញ្ច្រៀបចំណេះដឹងដល់កុលបុត្រខ្មែរ ឲ្យបាន ដឹងពីប្រពៃណីទំនៀមទម្លាប់ខ្មែរពាក់ព័ន្ធពិធីបួងសួងនេះ៕