សេអ៊ូល ៖ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងទៅកាន់ក្រុមសារព័ត៌មាននៅក្នុងទីក្រុងសេអ៊ូលថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាមួយនៅថ្ងៃចន្ទនេះ ដែលត្រូវបានចាត់ទុកថា ជាសមយុទ្ធធ្វើឲ្យល្អប្រសើរឡើងនូវសមត្ថភាពរបស់កងកម្លាំងប្រទេសទាំង២នៅក្នុងការអនុវត្តប្រតិបត្តិការរួមគ្នា។
អ្នកនាំពាក្យរូបនោះអះអាងថា សមយុទ្ធនៅក្នុងឆ្នាំនេះគឺជាសមយុទ្ធដ៏ធំបំផុតដោយមានការចូលរួមពីយន្តហោះចម្បាំងអេហ្វ-២២ (F-22) ចំនួន៦គ្រឿង, យន្តហោះបំបាំងកាយអេហ្វ-៣៥អេ (F-35A) ចំនួន៦គ្រឿង និងយន្តហោះបំបាំងកាយអេហ្វ-៣៥ប៊ី (F-35B) ចំនួន១២គ្រឿងដែលមកពីកងកម្លាំងដែនអាកាសអាមេរិក រួមជាមួយនឹងយន្តហោះចម្បាំងផ្សេងទៀតរបស់ប្រទេសកូរ៉េខាងត្បូងដែលមានដូចជាយន្តហោះអេហ្វ-១៥ខេ (F-15K), ខេអេហ្វ-១៦ (KF-1៦) និងអេហ្វអេ-៥០ (FA-50) ។ ទន្ទឹមនោះរូបពាក្យដដែលបានបន្ថែមថា វាជារឿងដ៏កម្រដែលយន្តហោះចម្បាំងអេហ្វ-២២ (F-22) ចំនួន៦គ្រឿងរបស់សហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយនៅលើឧបទ្វីបកូរ៉េក្នុងពេលព្រមៗគ្នាបែបនេះ។
គួរបញ្ជាក់ថា សមយុទ្ធរួមគ្នាធ្វើឡើងរយៈពេល៥ថ្ងៃ និងត្រូវបានគេចាត់ទុកថាជាការសម្ញែងកម្លាំងយោធាប្រឆាំងទៅនឹងការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះនឹងបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូខាងមុខ៕