អាហ្វហ្គានីស្ថាន ៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានជិះម៉ូតូបើកការវាយប្រហារនៅខាងក្រៅពហុកីឡដ្ឋានបាល់ទាត់មួយនៅក្នុងទីក្រុងចាឡាឡាបាដ (Jalalabad) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតរងរបួស។
យោងតាមអ្នកនាំពាក្យឲ្យមន្ត្រីជាន់ខ្ពស់ម្នាក់, ក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារ នោះរួមមានស្ត្រីម្នាក់ និងកូនក្មេងតូចម្នាក់។ អ្នកនាំពាក្យបានបន្ថែមថា ការវាយប្រហារនោះបានកើតឡើងក្នុងរយៈពេលយ៉ាងខ្លីបន្ទាប់ពីការប្រមូលផ្តុំគ្នារបស់អ្នកគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស់រ៉ាហ្វ ហ្គានី (Ashraf Ghani) បានបញ្ចប់នៅពហុកីឡដ្ឋានបាល់ទាត់។
ទោះបីយ៉ាងណាភ្លាមៗនោះមិនទាន់មានក្រុមណាមួយចេញមកអះអាងទទួលខុសត្រូវនៅក្នុងការវាយប្រហារនោះនៅឡើយទេ។
គួរបញ្ជាក់ថា ក្រុមក្នុងតំបន់មួយដែលមានទំនាក់ទំនងជាមួយក្រុមអាយស៊ីសកំពុងស្វះស្វែងពង្រីកទីតាំងមូលដ្ឋានរបស់គេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕