ខេត្តកណ្តាល ៖ មន្ដ្រីតុលាការជាន់ខ្ពស់ខេត្តកណ្ដាលបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីល្ងាចម្សិលមិញថា មនុស្សទាំង៦៤នាក់ ដែលចូលលេងសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ស្រុកល្វាឯមត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយខែ ប៉ុន្ដែទោសនេះត្រូវបានតុលាការសម្រេចព្យួរ ដូច្នេះត្រូវអនុញ្ញាតឲ្យត្រឡប់ទៅវិញ ទាំងអស់តែម្ដង។
មន្ដ្រីរូបនោះបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ ប្រធានតុលាការខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានចេញដីកាសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ាប់ កូនប្រសាលោក ហ៊ុន សាន ដាក់ពន្ធនាគារដែលជាម្ចាស់ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយនេះ។ ការសម្រេចនេះបន្ទាប់ពីសវនាការត្រូវបានបញ្ចប់ និងយោងតាមមាត្រា៤ នៃច្បាប់ល្បែងស៊ីសង។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានប្រាប់អ្នកកាសែតថា ដំបូងឡើយមនុស្សជាង១៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះ អាសន្ន ប៉ុន្តែដោយអ្នកខ្លះជាជាងសំណង់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ ។ ដូច្នេះនៅសល់តែមនុស្ស៦៤នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនទៅតុលាការ ។ ចំណែកវត្ថុតាងដែល ត្រូវបានរឹបអូសវិញ រួមមាន រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល៕