ញូដេលី ៖ មន្ត្រីឥណ្ឌាម្នាក់បាននិយាយថា សមាជិកសភាឥណ្ឌាពីររូប គឺលោក Sharad Yadav និងលោក Ali Anwar ត្រូវបានដកតំណែងពីសភាជាន់ខ្ពស់ដោយចោទថា បានចូលរួមក្នុងក្បួនតវ៉ារៀបចំដោយគណបក្សប្រឆាំង ប្រឆាំងនឹង គណបក្សរបស់ខ្លួនឯង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមមន្ត្រីឥណ្ឌារូបនេះ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការដកសមាជិកភាព នៃសមាជិកសភាខាងលើ កើតមានឡើងបន្ទាប់ពីគណបក្សរបស់អ្នកទាំងពីរ គឺគណបក្ស Janta Dal-United បានដាក់ញ្ញតិមួយទៅកាន់ប្រធានសភាជាន់ខ្ពស់ ដើម្បីស្នើដកតំណែងអ្នកទាំងពីរ ដោយចោទថា បានចូលរួមក្នុងក្បួនតវ៉ារៀបចំដោយគណបក្សប្រឆាំង ប្រឆាំងនឹង គណបក្សរបស់ខ្លួនឯង។
មន្ត្រីរូបនេះដដែល បានគូសបញ្ជាក់ដូច្នេះថា «សមាជិសភាមកពីគណបក្ស Janta Dal-United លោក Sharad Yadav និងលោក Ali Anwar ត្រូវបានដកសមាជិកសភាហើយ រីឯប្រធានសភាជាន់ខ្ពស់ ក៏បានយល់ស្របនឹង Janta Dal-United ដែរថា សមាជិកសភាទាំងពីរនាក់ មានឆន្ទៈបោះបង់ចោលអភ័យឯកសិទ្ធិ តាមរយៈការធ្វើ សកម្មភាពប្រឆាំងនឹងការដឹកនាំ នៃគណបក្សរបស់ខ្លួន ក៏ដូចជាចូលរួមជាមួយនឹងគណបក្សប្រឆាំង»។
សូមជម្រាបថា លោក Sharad Yadav បានជាប់ឆ្នោតជាសមាជិកសភាជាន់ខ្ពស់កាលពីឆ្នាំមុន ហើយអាណត្តិរបស់លោក នឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ខណៈ និងលោក Ali Anwar នឹងផុតអាណត្តិនៅឆ្នាំក្រោយ៕