ពលរដ្ឋប្រេស៊ីលជិតមួយលាននាក់កន្លះ បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មនៅថ្ងៃអាទិត្យទី ១៥ មីនា ម្សិលមិញ ដើម្បីទាមទារឱ្យលោកស្រីប្រធានាធិបតី ចុះចេញពីតំណែង។ ក្បួនបាតុកម្មក៏មានរៀបចំដែរ នៅតាមក្រុងធំៗផ្សេងលើពិភពលោកដូចជានៅក្រុងឡុងដ៍ប្រទេសអង់គ្លេស ស៊ីដនីរបស់អូស្ត្រាលី …។ លោកស្រី ឌីលម៉ា រ៉ូសេហ្វ (Dilma Rousseff) បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារ តាំងពីជាងមួយសប្តាហ៍មកហើយ ដោយហេតុតែរឿងអាស្រូវពុករលួយ និងទុទ្ទិដ្ឋនិយមលើផ្នែកសេដ្ឋកិច្ច។
ជាងមួយលាននាក់ នៅក្រុងសៅប៉ូឡូ រដ្ឋធានីសេដ្ឋកិច្ចរបស់ប្រេស៊ីល និងរាប់សិបពាន់នាក់ផ្សេងទៀត បានប្រមូលផ្តុំគ្នា នៅតាមខេត្តក្រុងផ្សេងទៀត ចំនួន៨០ ខេត្តក្រុង របស់ប្រេស៊ីល បានស្រុះស្រួលគ្នាឯកច្ឆ័ន្ទចុះដង្ហែក្បួន ទាមទារឱ្យលោកស្រីឌីលម៉ារ៉ូសេហ្វ ចុះចេញពីតំណែង។ បាតុករដ៏សន្ធឹកសន្ធាប់នេះ មិនសប្បាយចិត្ត ខ្លះបានប្រកូកប្រកាសឱ្យក្រុមយោធាចូលធ្វើអន្តរាគមន៍ដើម្បីបិទ បញ្ចប់អំពើពុករលួយ។
បរិបទសេដ្ឋកិច្ចអាប់អួរ
ជាមួយនឹងប្រជាប្រិយភាពធ្លាក់ចុះនៅត្រឹម ២៣% បើប្រៀបទៅនឹង ៤២% ក្រោយការជាប់ឆ្នោតអាណត្តិទីពីរ នៅខែតុលា២០១៤ភ្លាម គំរូសេដ្ឋកិច្ចរបស់លោកស្រីប្រធានាធិបតី ក៏បានធ្លាក់ចុះ។ កំណើនសេដ្ឋកិច្ចប្រេស៊ីល ដែលធ្លាប់មានដល់ទៅ ៧,៥% នៅឆ្នាំ២០១០ បានធ្លាក់មកនៅស្ទើរសូន្យនៅឆ្នាំ២០១៤។ ប្រេស៊ីលអាចនឹងជួបគ្រោះសេដ្ឋកិច្ចដើរថយក្រោយតែម្តងនៅឆ្នាំ ២០១៥នេះ។ ទំនិញឡើងថ្លៃឥតឈប់ ឯប្រាក់រៀល បានបាត់បង់តម្លៃអស់២២% ក្នុងរយៈពេលតែមួយឆ្នាំបើប្រៀបទៅនឹងដុល្លារអាមេរិក អតិផរណាបានឡើងដល់កំរិតកំពូលមិនធ្លាប់មានគិតចាប់តាំងពី១០ឆ្នាំ មក … បានជំរុញតាំងពីជាងមួយសប្តាហ៍មកហើយ ឱ្យមានបាតុកម្ម រប៉េះរបោះនៅប្រេស៊ីល។ ក្នុងបរិបទសេដ្ឋកិច្ចតានតឹងស្រាប់ដូច្នេះ ស្រាប់តែមានផ្ទុះរឿងអាស្រូវពុករលួយដ៏ធំមួយក្នុងក្រុមហ៊ុនប្រេង ប៉េត្រូប្រាស (Petrobras) ដែល ជាក្រុមហ៊ុនប្រេងរបស់រដ្ឋ មានឈ្មោះលោកស្រីប្រធានាធិបតីប្រលាក់ប្រលូសដែរ ទើបមានបាតុកម្មទ្រង់ទ្រាយធំ ផ្ទុះឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះ។
រឿងអាស្រូវពុករលួយក្នុងក្រុមហ៊ុនPetrobras
រឿងអាស្រូវ ប៉េត្រូប្រាស នេះជាសំណុំរឿងពុករលួយដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាន ក្នុង ប្រវត្តិប្រេស៊ីល។ មានការបង្វិលទឹកប្រាក់ចំនួនប្រមាណ៣ពាន់លានអឺរ៉ូ ពីក្រុមហ៊ុនប្រេងយក្សរបស់រដ្ឋ។ រដ្ឋអាជ្ញាកាលពីថ្ងៃទី ៦ មីនា បានបង្ហើប បញ្ជីឈ្មោះឥស្សរជននយោបាយ ចំនួន ៥៤នាក់មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ក្នុងក្រុមហ៊ុនប៉េត្រូប្រាសនេះ។ តុលាការសង្ស័យថាមានសមាជិកសភា ព្រឹទ្ធសភាជាង១០នាក់ នៃបក្សដែលមានសំឡេងភាគច្រើនក្នុងរដ្ឋាភិបាលចម្រុះ កំពុងកាន់អំណាច ថាបានទទួលប្រាក់សំណូក។ បក្សធំៗចំនួនបួន ក្នុងនោះក៏មានគណបក្សរបស់លោកស្រីឌីលម៉ា រ៉ូសេហ្វ មួយដែរ ត្រូវជាប់សង្ស័យថាបានទទួលស៊ីកុំមីស្យ៉ុងច្រើនណាស់ពីក្រុមហ៊ុន។ លោកស្រីប្រធានាធិបតី ដែលទើបផ្តើមអាណត្តិទីពីរបានបីខែ មិនត្រូវជាប់ពាក់ព័ន្ធ នឹងបទចោទប្រកាន់ពុករលួយនេះទេ។ ប៉ុន្តែមហាជនមិនសប្បាយចិត្ត និងចង់ដឹងថា តើហេតុដូចម្តេចបានជាលោកស្រីមិនដឹង មិនទប់ស្កាត់ និងមិនចាត់ការប្រឆាំងនឹងរឿងពុករលួយនេះ បើលោកស្រីជាសមាជិកក្រុមប្រឹក្សារដ្ឋបាលរបស់ក្រុមហ៊ុនដែរ !
ស្រមោលបាតុកម្ម២០១៣
គ្រាន់តែឃើញមានចរន្តបាតុកម្មលេចចេញភ្លាម លោកស្រី ប្រធានាធិបតីបានចេញធ្វើសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ការពារនយោបាយដឹកនាំរបស់រដ្ឋាភិបាលភ្លាម និងបានស្នើសុំឱ្យពលរដ្ឋ ព្រមធ្វើពហិការមួយរយៈ។ ផ្លែផ្កានៃការធ្វើកំណែទម្រង់ឱ្យមានលំនឹងសេដ្ឋកិច្ចអាចប្រើពេល យូរបន្តិច ប៉ុន្តែលទ្ធផលនឹងអាចហុចឱ្យឃើញនៅចុងឆ្នាំ។ នេះជាការសន្យារបស់លោកស្រីប្រធានាធិបតី។ ចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានធ្វើសន្និសីទកាសែតភ្លាមដែរ នៅយប់មិញ ដើម្បីបញ្ជាក់ថាលោកស្រីប្រធានាធិបតីនឹងចេញវិធានការប្រឆាំងនឹង អំពើពុករលួយ និងធ្វើកំណែទម្រង់នយោបាយឱ្យសមស្រប។
ថ្វីបើបាតុកម្មម្សិលមិញនេះ បានប្រព្រឹត្តទៅ ដោយស្ងប់ស្ងៀម គ្មានផ្ទុះរលកហិង្សាដូចសម័យឆ្នាំ២០១៣ ដែលជាបាតុកម្មជាតិប្រឆាំងនឹងការខ្ជះខ្ជាយរបស់រដ្ឋមែន ប៉ុន្តែដំណោះស្រាយហាក់ដូចជាពិបាកខ្លាំងណាស់ ណាមានរឿងអាស្រូវពុករលួយរីករាលដាល ណាសេដ្ឋកិច្ចកំពុងដើរថយក្រោយ។ គ្រួសារថ្នាក់មធ្យមជាជនរងគ្រោះទីមួយ។ ប្រធានាធិបតីត្រូវប្រឈមនឹងការចោទប្រកាន់ពុករលួយផង និងវិបត្តិសេដ្ឋកិច្ចផង។ សម្ពាធកំពុងតែតានតឹងស្រាប់ដោយស្ថានភាពសេដ្ឋកិច្ចអាប់អួរ គ្មានកំណើនសេដ្ឋកិច្ច ភាពអត់ការងារធ្វើកើនឡើង វាពិតជាងាយនឹងបំផ្ទុះកំហឹងពលរដ្ឋខ្លាំងណាស់។
បាតុកម្មឆ្នាំ២០១៣ ប្រឆាំងការឡើងថ្លៃមធ្យោបាយធ្វើដំណើរសាធារណៈ និងចំណាយខ្ជះខ្ជាយដើម្បីរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ នៅរស់រវើកក្នុងអារម្មណ៍ពលរដ្ឋ និងថ្នាក់ដឹកនាំនៅឡើយទេ។ រងើកភ្លើងនេះនៅហុយផ្សែងនៅឡើយ។ រដ្ឋាភិបាលពិតជាមិនចង់ឃើញឆាកឈុតហិង្សាកណ្តាលក្រុង ផ្ទុះឡើងម្តងទៀត ក្រោមផ្ទៃនៃរឿងអាស្រូវពុករលួយនៅក្រុមហ៊ុនរដ្ឋប៉េត្រូប្រាសឡើយ ព្រោះនៅឆ្នាំ២០១៦ ប្រេស៊ីលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកផង។
យ៉ាងណាក៏ដោយ បើតាមអ្នកស្រាវជ្រាវ ស្ថានភាពសេដ្ឋកិច្ចដើរតួនាទីសំខាន់ណាស់។ ប្រសិនបើលោកស្រីឌីលម៉ា រ៉ូសេហ្វ អាចស្តារសេដ្ឋកិច្ចប្រេស៊ីលបាន នោះរឿងអាស្រូវទាំងឡាយនឹងត្រូវសាបរលាបហើយ។ ប្រវត្តិសាស្ត្រប្រេស៊ីលអាចបញ្ជាក់បាន រឿងអាស្រូវធំប៉ុណ្ណាក៏អាចក្លាយទៅជាតូចសាមញ្ញដែរបើសេដ្ឋកិច្ច លូតលាស់ផ្តល់ផលល្អ។ ពេលវេលាខាងមុខជាអ្នកសម្រេច ៕RFI
ពលរដ្ឋប្រេស៊ីលជាងមួយលាននាក់ ធ្វើបាតុកម្មនៅដងរុក្ខវិថី Paulista ក្រុង Sao Paulo ដើម្បីប្រឆាំងនឹងអំពើពុករលួយ