ប៉ាឡេស្ទីន ៖ កាលពីថ្ងៃពុធ ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងនៅប្រទេសលីបង់បានបញ្ចេញប្រតិកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជាទីក្រុងរបស់ប្រទេសអ៊ីស្រាអែល ជាទង្វើមួយដែលអាចនឹងបន្ថែមអំពើហិង្សានៅក្នុងពិភពលោក។
មេដឹកនាំហាម៉ាសនៅទីក្រុងហ្គាហ្សាលោក អ៊ីស្មែល រ៉ាដវ៉ាន បានហៅផែនការនេះថា «អយុត្តិធម៌» ហើយបានអំពាវនាវឲ្យគេបណ្ដេញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទាំងអស់ចេញពីទឹកដីនៅពិភពអារ៉ាប់និងពិភពអ៊ីស្លាម។ ទន្ទឹមនេះដែរ ក្រុមអ្នកតវ៉ាគ្រប់ស្រទាប់ទាំងអស់បានប្រមូលផ្ដុំគ្នានៅក្នុងជំរំជនភៀសខ្លួនមួយនៅទីក្រុងបេរួតប្រទេសលីបង់ដើម្បីតវ៉ាប្រឆាំងនឹងការទទួលស្គាល់នេះផងដែរ។
តំណាងក្រុមហាម៉ាសនៅប្រទេសលីបង់បានប្រាប់ក្រុមអ្នកកាសែតពីថ្ងៃម្សិលមិញថា ការទទួលស្គាល់របស់អាមេរិកនេះគឺជាឈ្លានពានមិនត្រឹមតែទៅលើពលរដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើប្រទេសនៅតំបន់អារ៉ាប់ និងអ៊ីស្លាមទាំងមូលថែមទៀត។
សូមបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធដោយមិនអើពើនឹងការព្រមានអំពីកំហុសឆ្គងជាប្រវត្តិសាស្ត្រដែលអាចបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំងនៅតំបន់មជ្ឈឹមបូព៌ា៕